សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតអង់គ្លេស ចូលជួបជម្រាបលា


នៅរសៀលថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកស្រី ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ចូលជួបជម្រាបលាគ្រាលោកស្រីដល់ពេលបញ្ចប់ការងារនៅកម្ពុជា។

សូមបញ្ជាក់ថា លោកស្រី ធីណា រ៉េដស បានចូលមកបំពេញការងារនៅកម្ពុជាកាលពីឆ្នាំ២០១៨។ ក្នុងអាណត្តិការងាររយៈពេលប្រមាណ ៤ឆ្នាំនេះ លោកស្រី បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចក្រភពអង់គ្លេស។ លោកស្រី បានពិនិត្យ និងជំរុញនូវកម្មវិធីអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា ដើម្បីរួមចំណែកក្នុងដំណើរការអភិវឌ្ឍរបស់កម្ពុជា។

លោកស្រី គឺជាឯកអគ្គរាជទូតមួយរូប ដែលបានលើកទឹកចិត្តឱ្យមានការគាំពារដល់បរិស្ថាន កាត់បន្ថយឧស្ម័នពុលក្នុងបរិយាកាស។ ក្នុងពេលបម្រើការងារនៅកម្ពុជា លោកស្រី បានប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី មិនប្រើរថយន្តប្រើប្រេងឥន្ធនៈនោះឡើយ៕