សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឲ្យគណៈប្រតិភូគណបក្សកុម្មុយនីស្តចិន ដឹកនាំដោយ ឯកឧត្តម លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ជួបសម្តែងការគួរសម


(វិមាន៧មករា) នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបជាមួយឯកឧត្តម លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន។
ក្នុងជំនួបនេះ ឯកឧត្តម លីវ ជានចាវ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម វ៉ាង យ៉ាង សមាជិក គណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ជូនសម្ដេច និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ផងដែរ។
ឯកឧត្តម លីវ ជានឆាវ បានជម្រាបជូនថា ឯកឧត្តមបានមកកាន់កម្ពុជា កាលពីឆ្នាំ ២០០៤ រយៈពេល ១៨ឆ្នាំកន្លងមកនេះ កម្ពុជា មានការផ្លាស់ប្ដូរយ៉ាងខ្លាំង សេដ្ឋកិច្ច សង្គម មានការអភិវឌ្ឍ ជីវភាពប្រជាជនល្អប្រសើរ និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ត្រូវបានលើកកម្ពស់ ដែលទាំងនេះ បានឆ្លុះបញ្ចាំងនូវការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្នើម។
ឯកឧត្តម លីវ ជានឆាវ បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងគណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទំាងពីរ មានការរីកចម្រើន ដ៏ល្ពបំផុត គឺមិត្តភាពដែកថែប និងការកសាងសមគន៍ជោគវេសនារួមកម្ពុជា- ចិន។ ចិននឹងបន្តគំាទ្រការដឹកនាំយូអង្វែងរបស់គណបក្សប្រជាជនកម្ពុជា ។ ចិនគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាក្នុងការការពារអធិបតេយ្យ និងមាគ៌ាដឹកនាំរបស់ខ្លួន ។
ជាការឆ្លើយតប សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងថាក្នុងនាមគណៈអចិន្ត្រែយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សូមស្វាគមន៏យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជា ។ ដំណើរទស្សនកិច្ចនេះ ពិតជាមានសារៈសំខាន់ក្នុងការពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ នៅឆ្នាំ២០២៣ គឺជាឆ្នាំគម្រប់ខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជាត្រៀមខ្លួនរួចជាស្រេចធ្វើការជិតស្និទ្ធជាមួយមិត្តចិន ក្នុងការរៀបចំសកម្មភាពនានាដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
សម្តេច បានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានរួមវិភាគទានយ៉ាងធំធេងដល់ការកសាង និងអភិវឌ្ឍកម្ពុជា។ ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្ដាច់បានពីការជួយឧបត្ថម្ភ គាំទ្រយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាព ពីគណបក្ស រដ្ឋាភិបាល និងប្រជាជនចិនបានឡើយ។ ជំនួយគាំទ្ររបស់ចិន មិនគ្រាន់តែនាំមកនូវការអភិវឌ្ឍកម្ពុជាប៉ុណ្ណោះទេ គឺបានជួយពង្រឹងភាពជាម្ចាស់ និងឯករាជ្យភាពរបស់កម្ពុជាទៀតផង ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេស បន្តប្រកាន់ខ្ជាប់ជានិច្ចនូវ «គោលនយោបាយបាយចិនតែមួយ» ឥតងាករេ ហើយចាត់ទុកបញ្ហាពាក់ព័ន្ធនឹង ហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលជាសិទ្ធិអធិបតេយ្យរបស់សាធារណរដ្ឋប្រជាមានិតចិន។ កម្ពុជា គាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកស និងគំនិតផ្តួចផ្តើមសន្តិសុខសកល ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព ។
សម្តេចបានវាយតម្លៃខ្ពស់ សេចក្តីរីករាយដោយបានឃើញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគចិននៅកម្ពុជាមានកំណើនជាលំដាប់ ។ សង្ឃឹមថាមិត្តចិន នឹងជួយជំរុញវិនិយោគគិនចិន មកបណ្តាក់ទុននៅ កម្ពុជា ជាពិសេសលើវិស័យកសិកម្មបែបទំនើប ។ អរគុណមិត្តចិន ដែលបានយកចិត្តទុកដាក់ បង្កើនការនាំចូលកសិផលពីកម្ពុជា មានអង្ករ ផ្លែឈើ និងផលិតផលនានាពីផ្លែឈើ ដែលនេះជួយយ៉ាងច្រើនដល់កសិករកម្ពុជា។
ជាទីបញ្ចប់ សម្តេច បានជូនពរឲ្យគណបក្សកុម្មយនីស្តចិន ដែលមានឯកត្តម ស៊ី ជីនភីង ជាមេដឹកនាំស្នូល សម្រេចបាននូវ«ក្តីសុបិនចិន» ដើម្បីប្រែក្លាយប្រទេសចិន ជាមហាប្រទេសសង្គមនិយមទំនើបក្នុងយុគសម័យថ្មី ។