ឯកឧត្តម ហ៊ុន ម៉ានី រំលឹករឿងធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន បាត់ទំនុកចិត្ត៣ឆ្នាំពេលនៅធ្វើជាជំនួយការ


(ភ្នំពេញ)៖ ក្នុងពិធីផ្សព្វផ្សាយសៀវភៅក្ដីសង្ឃឹម ហ៊ុន ម៉ានី នៅខេត្តសៀមរាប ឯកឧត្តម ហ៊ុន ម៉ានី បានចែករំលែក និង រំលឹកនូវបទពិសោធន៍មានកំហុសឆ្គងមួយចំនួន ក្នុងពេលបំពេញការងារជាជំនួយការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ឯកឧត្តម ហ៊ុន ម៉ានី បានរំលឹកថា ភាពខ្ជះខ្ជាយនឹងការងារបានធ្វើឱ្យសម្តេចតេជោ បាត់បង់ទំនុកចិត្តលើរូបលោកអស់រយៈពេល៣ឆ្នាំ។

ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថា ពេលលោកចូលធ្វើការនៅខុទ្ទកាល័យរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនាឆ្នាំ២០០៨ តួនាទីរបស់លោកបានតែពីរទេ ទី១៖ កាន់កាតាបឯកសារជូនសម្ដេចតេជោ និងទី២៖ ជាអ្នកដាស់សម្ដេចតេជោ។

អ្នកនយោបាយវ័យក្មេង និងកំពុងដឹកនាំបណ្តាញយុវជននៅកម្ពុជារូបនេះ បានរំលឹកថា ការកាន់កាតាបជារូបភាពមើលទៅងាយស្រួលទេ ក៏ប៉ុន្តែសម្រាប់កាតាបរបស់នាយករដ្ឋមន្ត្រី ដែលស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតនោះ គឺមិនដូចអ្វីដែលគិតនោះឡើយ។ លោកបានលើកជាឧទាហរណ៍ថា ពេលទៅប្រជុំក្រៅប្រទេសម្ដងៗ ដូចជាកិច្ចប្រជុំអាស៊ានជាដើម។ កិច្ចប្រជុំអាស៊ាន មិនដែលមានតែកិច្ចប្រជុំតែមួយនោះទេ គឺមានកិច្ចប្រជុំអាស៊ានរួម កិច្ចប្រជុំអាស៊ានជាមួយដៃគូ និងមានកិច្ចប្រជុំទ្វេភាគីក្នុងឱកាសនៃកិច្ចប្រជុំអាស៊ាននោះដែរ។ ដូច្នេះកាតាបតែមួយ គឺមានឯកសារទាំងអស់នៅខាងក្នុង។ ក្នុងនាមជាអ្នកកាន់កាតាប កាន់ឯកសារ អត់អាចមានពេល ៥នាទីក្នុងការស្វែងរកឯកសារនីមួយៗនោះទេ ពោលគឺក្នុងរយៈពេលដ៏ខ្លីបំផុត ជំនួយការកាន់ឯកសាររូបនេះ ត្រូវទាញកាតាប បើករួចស្រេចហើយ ត្រូវដឹងថា ឯកសារនោះ នៅត្រង់ណាក្នុងចំណោមឯកសារទាំងឡាយ ហើយថែមទាំងបើកទំព័រឱ្យត្រូវនូវអ្វី ដែលជាការចង់បានរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីក្នុងរយៈពេលដ៏ខ្លី។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា «ពុក គឺជាមនុស្សមានវិន័យ និងទម្លាប់ធ្វើការច្បាស់លាស់ណាស់ គាត់មិនត្រឹមតែប្រើពាក្យច្បាស់លាស់ទេ គាត់ប្រើពាក្យប្រាកដប្រជា ហើយប្រាកដប្រជានេះ ក្នុងនាមជាលេខា ក៏ត្រូវប្រាកដប្រជាដែរ ព្រោះដើម្បីជៀសវាងគាត់ថា យូរម៉េះ! ឬមានការបន្ទោសអ្វីផ្សេង»

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានផ្ដល់នូវគតិបណ្ឌិតថា កុំមើលស្រាលទៅលើការងារតូច ព្រោះវាជួយបង្វឹកឱ្យមានភាពច្បាស់លាស់ មុនឈានទៅសម្រេចកិច្ចការតូចធំបន្តបន្ទាប់ទៀត។

លើសពីនេះ ឯកឧត្តម ហ៊ុន ម៉ានី បានចែករំលែកបទពិសោធន៍កំហុសពីរចំណុច ក្នុងពេលលោកបំពេញការងារនៅខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន ផងដែរ។

កំហុសទី១៖ គឺពាក់ព័ន្ធនឹងពេលវេលាចេញទៅធ្វើការ។ ឯកឧត្តម ហ៊ុន ម៉ានី បានរំលឹកថា នៅក្នុងប្រទេស លោក ត្រូវតែជិះរថយន្តជាមួយសម្ដេចតេជោ ដើម្បីចូលរួមកិច្ចប្រជុំ ឬទទួលជួបប្រតិភូបរទេស ឬដៃគូអភិវឌ្ឍន៍ ឬក៏ទៅជួបជាមួយប្រជាជនជាដើម។ កម្មវិធីត្រូវចាប់ផ្ដើមនៅម៉ោង៨កន្លះ ហើយលើសពីនោះត្រូវធ្វើដំណើរតាមផ្លូវរយៈពេលកន្លះម៉ោងមុន តែសម្ដេចតេជោចេញតាំងពីម៉ោង៧កន្លះ។

កូនប្រុសពៅក្នុងចំណោមបងប្អូនប្រុសទាំង៣របស់សម្តេចតេជោ បានរំលឹកថា នៅពេលចាប់ផ្ដើមការងារនៅខុទ្ទកាល័យសម្ដេចតេជោមុនដំបូងនោះ លោកធ្លាប់អាក់ខានដល់ទៅ២ដង លើកទី១អាក់ខានអត់បានទៅតែម្ដង លើកទី២ ជិះទៅដល់កម្មវិធីហើយតែអត់ហ៊ានចូល ដូច្នេះលោកត្រូវខ្វែង២ដង ឬកត់ចំណាំកំហុស២ដង។

ឯកឧត្តមបានសង្កត់ធ្ងន់ថា «ពាក្យថាខ្វែង២ដង គឺខ្ញុំយល់ច្បាស់ថាអត់មានខ្វែងលើកទី៣ទេ»។ លោកបានចងចាំនូវពាក្យដែលសម្ដេចតេជោធ្លាប់ទូន្មានថា «ទៅយឺតប្រសើរជាងមុនទៅ ដូច្នេះវិធីសាស្ត្រពុកបង្រៀនខ្លីៗ តែមានន័យណាស់»

កំហុសទី២ដែលឯកឧត្តម ហ៊ុន ម៉ានី លើកឡើង គឺបទពិសោធន៍បរាជ័យរបស់លោក។ ដោយសារលោកធ្លាប់រៀនអំពីទំនាក់ទំនងអន្តរជាតិនៅបរទេស មានគ្រាមួយនោះ សម្ដេចតេជោ បានដាក់ករណីសិក្សាទៅលើស្ថានភាពនៃប្រទេសមួយកំពុងជួបវិបត្តិនយោបាយ (ឯកឧត្តមសុំមិនបញ្ចេញឈ្មោះប្រទេសនោះ) ហើយក៏នឹងមានអ្នកដឹកនាំថ្មីដែលជាកូនរបស់មេដឹកនាំចាស់។

បើតាមឯកឧត្តម ហ៊ុន ម៉ានី រៀបរាប់ក្នុងរឿងនេះ សម្ដេចតេជោ បានឱ្យលោក សិក្សាឈ្វេងយល់ វិនិច្ឆ័យ និងផ្ដល់យោបល់ទៅដល់សម្ដេចវិញថា កូនមួយណាដែលនឹងកាន់តំណែងបន្ត? សម្ដេចតេជោ បានទុកពេលឱ្យលោកសិក្សារយៈពេលកន្លះខែ។ ដល់ពេលទទួលទានអាហារក្នុងថ្ងៃមួយនោះ សម្ដេចតេជោ ក៏សួរទៅកាន់លោកពាក់ព័ន្ធនឹងករណីសិក្សាដែលបានដាក់ឱ្យនោះ។

នៅពេលនោះ ឯកឧត្តម ហ៊ុន ម៉ានី បាននិយាយដោយសាមញ្ញថា «មិនដឹងថាមួយណានឹងឡើងទេ តែហាក់បីដូចម្នាក់នេះនឹងឡើង»។ សម្ដេចមិនបានតបអ្វីមួយម៉ាត់ឡើយ ដោយទទួលទានអាហារយ៉ាងលឿន ហើយដើរចេញ។ បន្ទាប់មក សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាម្ដាយបាននិយាយពន្យល់ឡើងវិញប្រាប់លោក ហ៊ុន ម៉ានី អំពីការពិតទាំងអស់។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា លោកពិតជាសោកស្ដាយចំពោះចម្លើយដែលគ្មានការទទួលខុសត្រូវរបស់លោកទៅកាន់សម្ដេចតេជោ ហ៊ុន សែន ជាឪពុក។ ឯកឧត្តមបានពោលថា «រយៈពេល៣ឆ្នាំជំនឿទុកចិត្តបានបាត់បង់ ដោយសារចម្លើយរបស់ខ្ញុំមិនទទួលខុសត្រូវនេះ»

ឯកឧត្តមបានបន្តថា «គ្រាន់តែខំប្រឹងកសាងទំនុកចិត្តឱ្យសម្ដេចជឿទុកចិត្តវិញ រយៈពេល៣ឆ្នាំមិនមែនជាកត្តាសាមញ្ញ ដល់ពេលឥលូវបានខ្ញុំគិតវិភាគទៅលើកំហុសខ្លួនឯង»

ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការងារមួយ ប្រសិនបើលោកមិនបានសិក្សាឱ្យស៉ីជម្រៅ គ្មានភាពប្រាកដប្រជា ហើយលោកហ៊ានផ្ដល់យោបល់ទៅថ្នាក់ដឹកនាំដោយមិនមានភាពច្បាស់លាស់ នោះនឹងអាចនាំឱ្យថ្នាក់ដឹកនាំវិនិច្ឆ័យខុស ឈានដល់ការសម្រេចចិត្តខុស នោះវានឹងនាំទៅរកមហន្តរាយធំ។

ឯកឧត្តមថ្លែងថា «បើខ្ញុំមិនបានសិក្សាស៉ីជម្រៅ គ្មានភាពប្រាកដប្រជាទៅលើព័ត៌មាន ហើយខ្ញុំហ៊ានឱ្យយោបល់ទៅថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយមិនមានភាពច្បាស់លាស់ ហើយអាចនាំឱ្យគាត់វិនិច្ឆ័យ និងសម្រេចចិត្តខុស នេះហើយជាកំហុសធំជាងគេរបស់ខ្ញុំ»

និយាយមួយបែបទៀត ឯកឧត្តម ហ៊ុន ម៉ានី ចង់ចែករំលែកគតិបណ្ឌិតទៅកាន់យុវជនទាំងអស់គ្នាថា ក្នុងនាមជាអ្នកដឹកនាំ បុគ្គលណាជាសេនាធិការផ្ដល់ជាព័ត៌មានដែលមិនច្បាស់ អាចនាំឱ្យសម្រេចចិត្តខុស នោះគឺជាហានិភ័យធំសម្រាប់ការសម្រេចចិត្ត។

គួរជម្រាបថា យោងតាម «សៀវភៅក្ដីសង្ឃឹម ហ៊ុន ម៉ានី» ឯកឧត្តម ហ៊ុន ម៉ានី ធ្លាប់បានទៅសិក្សានៅសាធារណរដ្ឋបារាំង និងសហរដ្ឋអាមេរិក និងបានចូលបម្រើការងារនៅខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅឆ្នាំ២០០៨៕