ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៣១ ខែសីហាដល់ថ្ងៃទី៦ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម


(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយ ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីបក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ នៅចន្លោះថ្ងៃទី៣-៥ ខែកញ្ញា កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ ) ដែលអូសបន្លាយលើភាគខាងជើងថៃ ឡាវ និងវៀតណាម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
* សីតុណ្ណភាពអតិបរមា មានពី ៣២-៣៥ °C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយគ្នានោះផ្នែកខ្លះនៃបណ្តាខេត្ត នៅទំនាបភាគកណ្ដាល និងភាគពាយ័ព្យអាចមានភ្លៀង ដោយអន្លើរក្នុងកម្រិតបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ជាមួយគ្នានោះផ្នែកខ្លះអាចមានភ្លៀង ដោយអន្លើរក្នុងកម្រិតបង្គួរលាយឡំ ទៅដោយផ្គរ រន្ទះ ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ណភាពអតិបរមា មានពី ៣១-៣៣ °C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ៕