សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ ពិនិត្យឡើងវិញលើកម្មវិធីប្រកួតបវរកញ្ញា Miss Grand Cambodia ដែលរងការរិះគន់យ៉ាងខ្លាំងពីមហាជន


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាឲ្យលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យឡើងវិញលើកម្មវិធីប្រកួតបវរកញ្ញា Miss Grand Cambodia បន្ទាប់ពីរងការរិះគន់ផ្ទួនពីមហាជន រឿងយកល្បែងតំណាងឲ្យក្រុងបាវិត និងក្រុងប៉ោយប៉ែត និងករណីស្លៀកស៉ិចស៊ីជ្រុលហួសហេតុ របស់បេក្ខនារី តំណាងឲ្យខេត្តស្ទឹងត្រែង។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំក៏សុំឲ្យលោកជំទាវ ភឿង សកុណា ពិនិត្យឡើងវិញអំពីអាកម្មវិធីបវរកញ្ញាស្អីគេនៀក [Miss Grand Cambodia] ដោយសារតែរឿងវាច្រើនពេក ឃើញគេបង្ហោះចុះបង្ហោះឡើង មើលសុំហៅគ្នាមកធ្វើការមើល រឿងហ្នឹងវាយ៉ាងម៉េចបានទៅចឹង តំណាងបាវិត តំណាងប៉ោយប៉ែត សុទ្ធតែល្បែង អាហ្នឹងគ្នាក៏លុបចោលហើយ ប៉ុន្តែតំណាងស្ទឹងត្រែង គេទាត់ចោល រួចហើយអ្វីដែលសំខាន់ គឺស្រែក អាឡេអាឡូ ពេញទឹកពេញដី នេះជាភារកិច្ចរបស់ក្រសួងវប្បធម៌ ធ្វើការភ្លាមៗ។ សុំថ្ងៃក្រោយ មើលបញ្ហានេះឡើងវិញ ខ្ញុំមិនថាខុសត្រូវយ៉ាងម៉េចទេ ក៏ប៉ុន្តែមតិមហាជន គឺបង្ហាញនូវការសោកស្តាយ យើងត្រូវស្តាប់នូវសំឡេងនេះផង ហើយធ្វើការកែតម្រូវ»

ការប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២២ ឬ Miss Grand Cambodia 2022 ត្រូវបានគេដឹងថា រៀបចឡើងដោយផលិតកម្មមហាហង្ស ដែលមានលោក អ៊ិន សុភិន ជាអគ្គនាយកផលិតកម្ម។ កម្មវិធីនេះធ្លាប់បានរៀបចំប៉ុន្មានលើកមកហើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បេក្ខនារីដែលចូលរួមសម្តែង ក្នុងការប្រកួតប្រជែងកម្មវិធីបវរកញ្ញា Miss Grand Cambodia 2022 គ្មានកំហុតទេ ព្រោះពួកគេសម្តែង និងស្លៀកពាក់ទៅតាមអ្នករៀបចំកំណត់ បើមិនពួកគេមិនធ្វើតាម អ្នករៀបចំថា មិនត្រូវស្តង់ដារប្រកួតប្រជែង។ ដូច្នេះបេក្ខនារីដែលចូលរួមប្រកួតប្រជែងគ្នាមិនខុសទេ អ្នកដែលខុស គឺអ្នកដឹកនាំកម្មវិធី។

សូមជម្រាបថា បន្ទាប់ពីបានឃើញការប្រកួតបវរកញ្ញា Miss Grand Cambodia 2022 យកល្បែងបៀរ និងអាប៉ោង តំណាងឲ្យក្រុងបាវិត ខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មហាជនបានផ្ទុះការរិះគន់យ៉ាងខ្លាំង។ បន្ទាប់ពីទទួលការរិះគន់នេះ អ្នករៀបចំកម្មវិធីក៏បានចេញលិខិតអភ័យទោស និងដកឈុតនេះចេញពីការប្រកួត។

ក្រោយមកក៏លេចនូវការរិះគន់ជាថ្មី លើបេក្ខនារីតំណាងខេត្តស្ទឹងត្រែង ដែលស្លៀកសំលៀកបំពាក់សិចស៊ីជ្រុល លេចកេរ្តិ៍ខ្មាស រហូតដល់រដ្ឋបាលខេត្តស្ទឹងត្រែង ចេញមកប្រតិកម្មផងដែរ៕