សម្ដេចតេជោ ហ៊ុន សែន ដាស់តឿនអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវដោះស្រាយបញ្ហាផ្លូវខូច ខណៈអភិបាលក្រុងតាខ្មៅ ត្រូវបានដកតំណែងដោយសារមិនយកចិត្តទុកលើរឿងនេះ


(ភ្នំពេញ)៖ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ពិសេសគណៈអភិបាល ឬប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវខិតខំយកចិត្តទុកដាក់ ឬដោះស្រាយបញ្ហាផ្លូវក្នុងមូលដ្ឋានរបស់ខ្លួនដែលរងនូវការខូចខាតដោយអន្លើរ កុំចាំរុញការងារនេះមកដល់ថ្នាក់ក្រសួង។

ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង៤៦លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយរឿងមួយថា អភិបាលក្រុងតាខ្មៅ ត្រូវបានដកតំណែងក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ ដោយសារមិនយកចិត្តទុកដាក់លើការងារនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «សុំអភិបាលខណ្ឌ អភិបាលរងរាជធានី និងអភិបាលរាជធានី ពិសេសផ្នែកសាធារណការ ខ្ញុំរំលឹកដាស់តឿនឲ្យមើលផ្លូវ។ ថ្ងៃមុនដកចៅហ្វាយក្រុងតាខ្មៅមួយ ដោយសារមិនមើលផ្លូវ ត្រឹមតែមួយថ្ងៃទេ»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ដោយមើលពីការងារច្រើននៅថ្នាក់មូលដ្ឋាន និងក្រោយរាជរដ្ឋាភិបាលផ្ទេរការងារមួយចំនួនឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិហើយនោះ រាជរដ្ឋាភិបាលបានធ្វើវិសោធនកម្មច្បាប់បង្កើនអាសនៈឲ្យថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ដូច្នេះមូលដ្ឋានត្រូវចេះមើលការខុសត្រូវការងារនៅក្នុងមូលដ្ឋានរបស់ខ្លួន។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមើលផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន កន្លែងណាដែលមានការខូចខាតត្រូវជួសជុលឡើងវិញកុំរុញដាក់គ្នា ឬកុំចាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូនចុះទៅធ្វើនោះទេ។ សម្ដេចអះអាងថា ផ្លូវកាន់តែច្រើន តម្រូវការជួសជុលកាន់តែច្រើន ផ្លូវកាន់តែវែង តម្រូវការជួសជុលកាន់តែច្រើន ដូច្នេះត្រូវមានការទទួលខុសត្រូវ។

ត្រង់បញ្ហាខូចផ្លូវនេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យហាមឃាត់ជាដាច់ខាត ចំពោះការដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់ ដែលត្រូវតែអនុវត្តតាមច្បាប់ ព្រោះការដឹកជញ្ជូនលើសទម្ងន់នេះ ជាកត្តារួមចំណែកនាំឲ្យខូចផ្លូវ៕