លោកជំទាវបណ្ឌិត ម៉ែន សំអន ជំរុញក្រុមការងារគណបក្សទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យសមាជិក និងខិតខំបញ្ចូលសមាជិកថ្មីនៅគ្រប់ទីកន្លែងត្រៀមការបោះឆ្នោតឆ្នាំ២០២៣


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញផ្សព្វផ្សាយ សេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលកិច្ចប្រជុំនេះបានធ្វើឡើងនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកគណបក្សប្រជាជនទូទាំង ខេត្តស្វាយរៀងទាំងអស់ដោយក្តីនឹករលឹក។

លោកជំទាវបណ្ឌិត បានថ្លែងជំរុញដល់ក្រុមការងារគណបក្សឃុំ-សង្កាត់ទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យ សមាជិក សមាជិកា ដោយយកចិត្តទុកដាក់ខ្ពស់ និងខិតខំបញ្ចូលសមាជិកថ្មីដែលជាយុវជន ឲ្យក្លាយជាកម្លាំង ក្នុងការចូលរួមរបស់គណបក្សនៅគ្រប់ទីកន្លែង ក៏ដូចជាបង្កើនសន្ទុះនៃការគាំទ្ររបស់កម្មករ និយោជិក មកលើគណបក្សឲ្យកាន់តែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រកាន់តែខ្លាំង។ ចំណែកឯមន្ត្រីគណបក្សគ្រប់ថ្នាក់ ត្រូវតែបន្តរក្សាសាមគ្គីភាព ខិតខំធ្វើអំពើល្អជាមួយប្រជាជន កាត់បន្ថយភាពអសកម្ម ខិតខំបម្រើសេវាល្អដល់ជូនប្រជាពលរដ្ឋ។

លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ជូនថា ជំហររបស់គណបក្សប្រជាជនកម្ពុជា គឺសមាជិកម្នាក់ជាសំឡេងមួយសន្លឹក និងនៅតែបន្តគោលការណ៍រក្សាចាស់ កសាងថ្មី ពិសេសកម្លាំងយុវជនជាកម្លាំងសកម្ម ដែលធានាបាននិរន្តរភាព ក្នុងការ គាំទ្រការបោះឆ្នោត ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខនេះ គណបក្សបានប្តេជ្ញាយកឱ្យបាន ៥/៥ អាសនៈតែម្តង៕