ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ជំរុញមន្ត្រីផ្តល់សេវាសាធារណ:ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ តម្លាភាព ឆាប់រហ័ស និងត្រឹមត្រូវ


(កំពង់ធំ)៖ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានជំរុញមន្ត្រីផ្តល់សេវាសាធារណ:ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ តម្លាភាព ឆាប់រហ័ស និងត្រឹមត្រូវ។

ឯកឧត្តម  ឈុន ឈន់ បានថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តនាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ នាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម ឈុន ឈន់ បានកោតសរសើរចំពោះអង្គភាពទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើកិច្ចការរបស់ខ្លួន ទៅតាមជំនាញពិសេសបានអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានល្អប្រសើរដើម្បីបង្កើនប្រសិទ្ធភាព ការងារក្នុងការផ្តល់សេវាសាធារណ:ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហា ក៏ដូចជាសំណូមពរនានារបស់ប្រជាជន។

ជាមួយគ្នានេះ ឯកឧត្តមបានណែនាំដល់អង្គភាពទាំងអស់ត្រូវពិនិត្យលើការងារដែលនៅសេសសល់ដើម្បីយកមកធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលា ហើយចំពោះអ្នកដែលមកប្រជុំជំនួសប្រធានមិនត្រូវឆ្លើយថាមិនដឹងនោះទេ ត្រូវខិតខំធ្វើការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព និងខិតខំយកចិត្តទុកដាក់លើបញ្ហាសម្រាមនិងសម្អាតបរិស្ថានដើម្បីឲ្យមានសោភ័ណភាព។

ក្នុងដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានពទ្ធផលតាមការគ្រោងទុកតាមរបៀបវារៈមួយចំនួនរួមមាន៖

១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
៣- ពិនិត្យ និងអនុម័ត សេចក្តីសម្រេច ស្តីពី ដំណើរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត
៤- ពិនិត្យ និងអនុម័ត សេចក្តីសម្រេច ស្តីពី ការកែសម្រួលគណកម្មាការលទ្ធកម្មខេត្ត
៥- ពិនិត្យ និងអនុម័ត សេចក្តីសម្រេច ស្តីពី ការបង្កើតការិយា័យអ្នកនាំពាក្យរដ្ឋបាខេត្តកំពង់ធំ។

ឯកឧត្តម ងួន រតនៈ ជំរុញឲ្យការិយាល័យលេខាធិការក្រុមប្រឹក្សាខេត្តធ្វើយ៉ាងណាឲ្យមានភាពសុក្រិតនិងមានអត្ថន័យខ្លឹមសារដូចជាអក្ខរាវិរុទ្ធត្រឹមត្រូវ ប្រសិនបើមិនច្បាស់ត្រង់ចំណុចណាពាក់ព័ន្ធនឹងអង្គភាពណាមួយ សូមជូនដំណឹងដល់អង្គភាពនោះដើម្បីជួយបំភ្លឺឲ្យបានច្បាស់លាស់៕