(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានផ្ញើសារថ្លែងអំណរព្រះគុណ និងអរគុណ ដល់ថ្នាក់ដឹកនាំទាំងអស់ ដែលបានផ្ញើសារចូលរួមរំលែកទុក្ខម្ដាយក្មេក។
ក្នុងសារនេះ លោកជំទាវបានបញ្ជាក់ថា ក្នុងនាមគ្រួសារ ខ្ញុំម្ចាស់ នាងខ្ញុំសូមថ្លែងអំណរព្រះគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជា គណៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី-ខេត្ត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលមានសមានចិត្ត និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ អញ្ជើញចូលរួម ដោយផ្ទាល់ និង/ឬបានចាត់ប្រតិភូក្នុងពិធីបុណ្យសព ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ញឹម – តេង ត្រូវជាម្តាយ ម្តាយក្មេក យាយ យាយទូត ជាអ្នកមានគុណរបស់យើងខ្ញុំទាំងអស់គ្នា និងបានផ្ញើសារលិខិត រំលែកទុក្ខដ៏ក្រៀមក្រំនិងការសោកស្តាយជាពន់ពេកជាមួយក្រុមគ្រួសារយើងខ្ញុំ។
លោកជំទាវបន្តថា ខ្ញុំម្ចាស់ នាងខ្ញុំសូមលំឱនកាយសំដែងនូវកតញ្ញូតាធម៌ និងការដឹងគុណដ៏ជ្រាលជ្រៅចំពោះកាយវិការ ដ៏ប្រពៃនេះ សរបញ្ជាក់ឱ្យឃើញច្បាស់នូវទឹកចិត្តស្រឡាញ់រាប់អានដ៏ឧត្ដុង្គឧត្តមចំពោះក្រុមគ្រួសារយើងខ្ញុំ ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាននូវសមានចិត្តដ៏ប្រពៃថ្លៃថ្លាទាំងនេះបានឡើយ និងសូម ប្រគេនពរ ថ្វាយព្រះពរ និងជូនពរ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក សម្តេច ព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី-ខេត្ត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ សូមបានប្រកបនូវពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕