(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តណែនាំដល់មន្រ្តីរាជការក្រោមឱវាទទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែង បំពេញការងារឱ្យកាន់តែសកម្ម និងប្រកបដោយភាពទទួលខុសត្រូវ ដើម្បីនាំយកប្រយោជន៍និងភាពរីកចម្រើនជូនជាតិមាតុភូមិ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំដូចនេះនាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ទី១ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការ ចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការមកពីអង្គភាពក្រោមឱវាទក្រសួង ដើម្បីពិនិត្យពិភាក្សាការងារសំខាន់ៗ ទាក់ទងនឹងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការងារដឹកជញ្ជូនតាមផ្លូវទឹក ការអភិវឌ្ឍគម្រោងបច្ចេកវិទ្យាថ្មីៗ និងទិសដៅសកម្មភាពការងារបន្ត ដែលលើកឡើងដោយអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ព្រមទាំងការប្រកាសសុពលភាពថ្នាក់ដឹកនាំ និងមន្ត្រីរាជការទើបទទួលបានការតែងតាំងថ្មីមួយចំនួនផងដែរ។
កិច្ចប្រជុំបានពិភាក្សាដោយផ្តោតសំខាន់លើការងារ រួមមានដូចជា៖ (១) បញ្ហាជំនន់ទឹកភ្លៀងដែលបានជន់លិចហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួននៅក្នុងខេត្តសៀមរាប (២) វឌ្ឍនភាពការងារគម្រោងបច្ចេកវិទ្យាអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (Road Care Supervision) ដែលជាមុខងារបន្ថែមថ្មីនៅក្នុងកម្មវិធីថែទាំផ្លូវ (Road Care APP) (៣) វឌ្ឍនភាពការងារដឹកជញ្ជូនផ្លូវទឹក និងគម្រោងថ្មីៗក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកដែលបាននិងកំពុងសិក្សាសមិទ្ធិលទ្ធភាពដោយក្រសួងសាធារណការ និងដឹកជញ្ជូន (៤) វឌ្ឍនភាពការងារត្រៀមរៀបចំសម្រាប់ការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅដើមខែតុលា ឆ្នាំ២០២២ខាងមុខ និង (៥) វឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាគម្រោង មានសារៈសំខាន់ ក្នុងការជំរុញ កំណើនសេដ្ឋកិច្ច និងការដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
បន្ថែមពីនេះឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគម្រោងសិក្សាសេវាដឹកជញ្ជូនសាធារណៈសំខាន់ៗ រួមមាន៖ គម្រោងរថភ្លើង AG (ប្រព័ន្ធប្រតិបត្តិការ រថភ្លើងស្វ័យប្រវត្តិ ) គម្រោងរថភ្លើងលើអាកាស (Monorail) និងគម្រោងរថភ្លើងក្រោមដី (Subway) ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងគម្រោងសិក្សាលើការធ្វើទំនើបកម្មប្រព័ន្ធខ្សែផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីប្រែក្លាយឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា។
ជាមួយគ្នានោះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសមាជិកក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារតាមជំនាញរបស់ខ្លួនដោយយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ៕