សម្តេចក្រឡាហោម ស ខេង បង្ហាញការព្រួយបារម្ភចំពោះបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍នៅកម្ពុជា


(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញពីក្តីព្រួយបារម្ភចំពោះបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ខណៈក្រុមមេក្លោងជាជនជាតិបរទេសបានយកទឹកដីកម្ពុជា សម្រាប់ប្រព្រឹត្តបទល្មើស។

ការបង្ហាក្តីព្រួយបារម្ភបែបនេះ របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលកម្ពស់១០ជាន់ និងអគារសាលប្រជុំកម្ពស់៣ជាន់ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ។

សម្តេចក្រឡាហោម ស ខេង បានបង្ហាញក្តីព្រួយបារម្ភយ៉ាងដូច្នេះថា៖ «អីឡូវនេះមានបទល្មើសថ្មីមួយដែលលេចឡើងយ៉ាងសាហាវចុងក្រោយនៅកម្ពុជា របស់យើងនេះ វាមិនមែនបទល្មើសប្រពៃណីទេ គឺបទល្មើសមិនប្រពៃណី នោះគឺបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដែលជាបញ្ហាកំពុងកើតមានសព្វថ្ងៃនេះ»

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សម្រាប់បទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍នេះសម្រាប់រាជធានីភ្នំពេញ គឺសម្តេចទទួលបានតែពាក្យបណ្តឹង ១ករណីប៉ុណ្ណោះ និងបានបញ្ជូនឱ្យសមត្ថកិច្ចជំនាញតាមដាន ដើម្បីដោះស្រាយបញ្ហានេះ។

សម្តេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «អញ្ចឹងនៅកន្លែងផ្សេងទៀត បានច្រើន ជាពិសេសនៅកំពង់សោម ហើយជនល្មើស ដែលជួញដូរមនុស្សតាមប្រព័ន្ធទូរគមនាគមន៍នេះ កំពុងយកកម្ពុជា ដើម្បីជាកន្លែងប្រព្រឹត្តបទល្មើស អញ្ចឹងកម្ពុជាយើងជាកន្លែងរងគ្រោះ ពីព្រោះអ្នកប្រព្រឹត្តបទល្មើសជាមេក្លោង ៩៩,៩៩ភាគរយមិនមែនខ្មែរ ដែលនៅកម្ពុជា»

បន្ថែមពីនេះ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សម្រាប់ក្រុមជនប្រព្រឹត្តបទល្មើស និងមេខ្យល់ដែលបញ្ជូនមនុស្សដែលពីប្រទេសរបស់ខ្លួន ដែលសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់នេះ គឺសុទ្ធតែជនបរទេសដែលបានរៀបចំគម្រោងការបានយ៉ាងល្អ ខណៈជនរងគ្រោះភាគច្រើនគឺយកបម្រើការតាមបនល្បែងទាំងអស់។

សម្តេចក្រឡាហោម ស ខេង ក៏បានក្រើនរំឮកបន្ថែមដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាធ្វើយ៉ាងទប់ស្កាត់បទល្មើសទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកមុខមាត់កម្ពុជា ជាពិសេសបន្តបង្ការ ទប់ស្កាត់ និងបង្រ្កាបអំពើអនាចារ ការជួញដូរមនុស្ស ជាពិសេសស្ដ្រីនិងកុមារ អំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើង តាមសង្កាត់ និងខណ្ឌនានាក្នុងរាជធានីភ្នំពេញ៕