ឯកឧត្តមវេជ្ជ. សុះ មុះសិន បានអញ្ជើញជាអធិបតីផ្តល់ប្រាក់ឧបត្ថម្ភជូនកុមារកំព្រាចិញ្ចឹមតាមមូលដ្ឋានចំនួន១២៦នាក់មកពី១៣ រាជធានី ខេត្ត


ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មាការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណចលនាសាសនិកឥស្លាមកម្ពុជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងផ្ដល់ប្រាក់ឧបត្ថម្ភជូនប្អូនៗកុមារកំព្រា ចិញ្ចឹមតាមផ្ទះក្នុងឆមាសទី២ លើកទី៣១ ឆ្នាំ២០២២ សរុបចំនួន ១២៦នាក់ ដែលត្រូវបានជ្រើសរើសពី ១៣ រាជធានី ខេត្ត ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២៨អឺរ៉ូ សរុបជាទឹកប្រាក់ចំនួន ២៣១,៩២៤,០០អឺរ៉ូ ស្មើនិងថវិកា ២៥៨,៩២៨,០០ដុល្លារ សហរដ្ឋអាមេរិក ។ដែលបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណមជ្ឈមណ្ឌលផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រា ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ និងលោកជំទាវអនុរដ្ឋលេខាធិការ អស់លោក លោកស្រី ព្រមទាំងលោកអភិបាលរង នៃគណៈអភិបាលខណ្ឌច្បារអំពៅតំណាងលោកអភិបាល និងលោកស្រីសមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ស.ន.ម.ក រាជធានីភ្នំពេញ ។

ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានមានប្រសាសន៍ថា គោលបំណងនៃការចិញ្ជឹមក្មេងកំព្រាតាមមូលដ្ឋាន គឺដើម្បីជួយសម្រាលបន្ទុករបស់អាណាព្យាបាលលើការផ្គត់ផ្គង់ជីវភាពចិញ្ចឹមបីបាច់ថែរក្សា ថែទាំសុខភាព និងពិសេសផ្ដល់លទ្ធភាពឲ្យក្មេងៗបានទទួលការអប់រំដូចក្មេងទូទៅដែរ និងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការគាំពារវិស័យ សង្គមកិច្ច ការបណ្តុះបណ្តាលកុមារ ពិសេសកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ។