ថ្ងៃទី១៣ ខែកញ្ញា ម្សិលមិញ សម្តេចក្រឡាហោម ស ខេង ទទួលពាក្យបណ្តឹងចំនួន១៤ទៀត ពាក់ព័ន្ធនឹងករណីបង្ខាំង និងជួញដូរ


(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជ.ប.ជ) បានទទួលពាក្យបណ្តឹងចំនួន ១៤ទៀត ពាក់ព័ន្ធនឹងការស្នើអន្តរាគមន៍លើករណីបង្ខាំង និងជួញដូរ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្នុងបណ្តឹងនោះមានការស្នើឱ្យអន្តរាគមន៍ស្វែងរកជនជាតិឥណ្ឌូនេស៉ី ៧៩នាក់ ជនជាតិចិន ០១នាក់ ជនជាតិម៉ាឡេស៊ី ០២នាក់ ជនជាតិចិនតៃវ៉ាន់ ០១នាក់ និងជនជាតិឥណ្ឌា ០២នាក់។

បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម បានទទួលពាក្យបណ្ដឹងសរុបចំនួន២១៤បណ្តឹង មានមនុស្សចំនួន ៤៦១នាក់ មាន១០សញ្ជាតិ ពាក់ព័ន្ធនឹងការស្នើអន្តរាគមន៍ជួយសង្គ្រោះជនបរទេស ដែលត្រូវបានអះអាងថាបង្ខាំង និងជួញដូរកម្លាំងពលកម្ម។

សូមបញ្ជាក់ថា ថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង បានចេញលិខិតមួយអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជានេះ។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យគ្រប់រដ្ឋបាលរាជធានី ខេត្ត និងមូលដ្ឋានទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការ ប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរ និងរត់ពន្ធមនុស្ស ពលកម្ម បង្ខិតបង្ខំ និងអាជីវកម្មផ្លូវភេទ ឱ្យមានប្រសិទ្ធភាពផងដែរ៕