អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការចូលរួមជាមួយប្រជាពលរដ្ឋកាន់បិណ្ឌ៩ នៅវត្តភ្នំព្រះវិហារ


(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមក្នុងពិធីកាន់បិណ្ឌ៩ ជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅវត្តភ្នំព្រះវិហារ ស្ថិតក្នុងភូមិបឹងវែង ឃុំតាំងក្រសាំង ស្រុកបាធាយ ។

ក្នុងពិធីកាន់បិណ្ឌ៩នេះ ឯកឧត្តមអភិបាលខេត្ត និងមន្ត្រីរាជការក្រោមឱវាទ បាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ព្រមទាំងបានរៀបចំប្រារព្វពិធីតាមបែបសាសនា ដើម្បីឧទ្ទិស កុសលផលបុណ្យ ជូនដល់បុព្វការីជនទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅកាន់បរលោក និងបានបួងសួងសូមឱ្យវត្ថុសក្កិសិទ្ធិទាំងពួង តាមជួយថែរក្សាទំនុកបម្រុងចម្រុងចម្រើនដល់មន្ត្រីរាជការក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ទាំងអស់ជាពិសេសតាមជួយថែរក្សាប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។

ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការចូលរួមទាំងអស់ បានប្រគេនយាគូដល់ព្រះសង្ឃ រាប់បាត្រ បង្សុកូល វេរភត្តាហា ប្រគេនព្រះសង្ឃ និងពហូទេវា ដាឆ្លងជាកិច្ចបង្ហើយបុណ្យ និងបានប្រគេនទ័យទានជាច្រើនមុខ មានដូចជា អង្គរ ១០០ គីឡូក្រាម មី ១កេសធំ ទឹកដោះគោខាប់ ១កេសធំ, ត្រីខ ១ កេស, ទឹកត្រី ៥ យួរ, ទឹកស៉ីអ៉ីវ ៥យួរ, ទឹកសុទ្ធ ៥កេស, តែ ៥ គីឡូ, ស្ករស ៥ គីឡូ, បាយ ម្ហូប និងផ្លែឈើ និងបច្ច័យសម្រាប់កសាងជាង ៥លានរៀលផងដែរ។

សូមបញ្ជាក់ថា ស្ថិតក្នុងឱកាសដ៏ប្រសើរនោះ ឯកឧត្តម អ៊ុន ចាន់ដា បានទូលប្រគេន តបទៅនឹងសំណូមពររបស់ ព្រះចៅអធិការវត្តភ្នំព្រះវិហារ ដែលបានសំណូមពរឲ្យជួយស្ថាបនាផ្លូវចូលវត្ត ប្រវែងប្រមាណជា ៦,០០០ ម៉ែត្រ ថា «ផ្លូវនោះគឺមានគម្រោងសាងសង់ហើយ ជាសមត្ថកិច្ចអន្តរក្រសួង ដែលមានក្រសួងកសិកម្ម ជាអនាបក្ស នៃការស្ថាបនាផ្លូវនេះ ជូនលោកយាយ លោកតា»

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា គម្រោងផ្លូវនោះ ប្រជាពលរដ្ឋ និងទទួលបានសមិទ្ធផលនេះ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ ខាងមុខ៕