ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ


(បាងកក)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងគណៈប្រតិភូអមដំណើរ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ នៅមុនដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃនៅរាជធានីបាងកក។

ក្នុងជំនួបនេះ ឯកឧត្តម ប្រាយុទ្ធ ចន្ទអូចា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ព្រមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខជូន ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការគាំទ្រ និងធ្វើការវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រភេទទ័ពទាំងបីគ្រប់កម្រិត ដែលពិតជាបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរ ចំពោះដំណើរការដោយជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ (16th ADMM) កាលពីខែមិថុនា កន្លងទៅនេះ និងបានបញ្ជាក់ផងដែរអំពីការគាំទ្រ ចំពោះការបំពេញតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ដោយរាប់ទាំងវិធានការនានា នៅក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ព្រមជាមួយនឹងការជូនពរឱ្យកម្ពុជា បន្តសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តម និងមានសារៈសំខាន់នេះ រហូតដល់ចុងបញ្ចប់ឆ្នាំ២០២២។

ជាការឆ្លើយតប មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណចំពោះការគាំទ្រ ដល់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិយោធានៃប្រទេសទាំងពីរ ដែលកាន់តែបន្តរីកចម្រើនទៅមុខ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលសំខាន់ៗ ដែលកងទ័ពជើងគោកទាំងពីរសម្រេចបានក្នុងរយៈកាលកន្លងមកនេះ ទាំងកិច្ចសហការល្អរវាងបណ្តាកងឯកភាពជួរមុខ នៅតាមបណ្តោយព្រំដែន ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាពថ្នាក់យុទ្ធវិធី និងរវាងយោធិនជាលក្ខណៈបុគ្គល ដើម្បីជួយពង្រឹងដល់ការកសាងទំនុកចិត្ត តាមរយៈការបង្កើនមនោសញ្ចេតនាស្គាល់គ្នា ទៅវិញទៅមកឱ្យបានស្អិតរមួត។ ជាងនេះទៀត ការភ្ជាប់ទំនាក់ទំនងលើផ្នែកហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្ស គឺមិនត្រឹមតែធ្វើឡើង សម្រាប់ពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មនុស្សជំនាន់ក្រោយផងដែរ។

មួយវិញទៀត លោកមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានលើកឡើងផងដែរ អំពីការខិតខំចូលរួមចំណែករបស់កងកម្លាំងនៃប្រទេសទាំងពីរ ក្នុងការកសាង និងពង្រឹងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ និងបានបញ្ជាក់ថា សន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមបណ្តោយព្រំដែន គឺពិតជាបានបង្កលក្ខណៈដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពថៃ ដែលបានផ្តល់ការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងការសម្របសម្រួលយ៉ាងកក់ក្តៅ ជូនដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តោយព្រំដែន ព្រមទាំងប្រជាពលករខ្មែរដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩៕