(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានផ្ញើលិខិតអំណរសាទរ ចំពោះការប្រារព្ធមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី២០ របស់គណបក្សកុម្មុយនីស្តចិន។
ក្នុងលិខិតអំណរសាទររបស់ព្រឹទ្ធសភា បានបញ្ជាក់ឲ្យដឹងថា ប្រជាជនកម្ពុជាពិតជាមានមោទនភាព និងចូលរួមសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្ដៅជាទីបំផុត ជូនប្រជាជន សភាប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ក៏ដូចជារដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដ៏មហោឡារឹក ដែលគណបក្សកុម្មុយនីស្ដចិនប្រារព្ធបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី២០ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។
ព្រឹទ្ធសភា បានចាត់ទុកថា មហាសន្និបាតគណបក្សកុម្មុយនីស្ដចិនលើកទី២០ នេះពិតជាមានសារៈសំខាន់ដ៏ធំធេងសម្រាប់ប្រទេស ប្រជាជន និងគណបក្សកុម្មុយនីស្ដចិន ជាពិសេសចំពេលដែលសាធារណរដ្ឋប្រជាមានិតចិន បាននិងកំពុងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយវិបុលភាព កិត្យានុភាព និងការកសាងសង្គមនិយមតាមចរិតលក្ខណៈពិសេសរបស់ប្រទេសចិន។
ព្រឹទ្ធសភាកម្ពុជា ពិតជាមានជំនឿជឿជាក់យ៉ាងមុតមាំថា មហាសន្និបាតនាឱកាសនេះនឹងដាក់ចេញនូវយុទ្ធសាស្ត្រស៊ីជម្រៅ និងទិសដៅថ្មីៗប្រកបដោយឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្ដខ្ពស់បន្ថែមទៀត ដើម្បីបន្ថែមល្បឿនក្នុងការពង្រឹងការអភិវឌ្ឍ និងជំរុញធ្វើយ៉ាងណាឱ្យប្រទេស និងប្រជាជនចិនឈានឆ្ពោះទៅរកភាពកាន់តែសម្បូររុងរឿងបន្ថែមទៀត។
ព្រឹទ្ធសភាកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាតិដ៏ធំមហាសាលលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំ និងប្រជាជនចិនសម្រេចបានក្នុងរយៈពេលកន្លងមកនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្សកុម្មុយនីស្ដចិន ហើយបានធ្វើឱ្យប្រទេសចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងពិភពលោក និងបាននាំឱ្យប្រជាជនចិនចាកផុតពីភាពក្រីក្រចាប់តាំងពីឆ្នាំ២០២០កន្លងមក។ ជាងនេះទៀត ការអភិវឌ្ឍ និងតួនាទីស្នូលដ៏មានសារៈសំខាន់មិនអាចខ្វះបានរបស់ចិន បាននាំមកនូវសន្តិភាព ស្ថិរភាព វិបុលភាព វឌ្ឍនភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ និងសកលលោក។
បើតាមព្រឹទ្ធសភា ស្ថិតក្នុងបរិបទនៃការវិវត្តប្រែប្រួលដ៏ស្មុគ្រស្មាញនៃសភាពការណ៍តំបន់ និងអន្តរជាតិជាបន្តបន្ទាប់ កម្ពុជានៅតែបន្តប្រកាន់ភ្ជាប់នូវគោលជំហរឥតងាករេរបស់ខ្លួន ចំពោះការគាំទ្រគោលនយោបាយចិនតែមួយ ហើយតែងចាត់ទុកចិនជាអ្នកជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងដៃគូល្អ។ ជាមួយនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសយើងទាំងពីរត្រូវបានពង្រឹង និងពង្រីកដល់កម្រិតខ្ពស់បំផុត គឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រាយ ជាមិត្តភាពដែកថែប និងជាសហគមន៍វាសនារួម កម្ពុជា-ចិន។
ជាថ្មីម្តងទៀត ព្រឹទ្ធសភា និងប្រជាជនកម្ពុជា បានសម្តែងការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សភា រដ្ឋាភិបាល និងប្រជាជនចិន ចំពោះការបន្តគាំទ្រ និងការផ្តល់ជំនួយអភិវឌ្ឍន៍គ្រប់វិស័យ ដែលពិតជារួមវិភាគទានយ៉ាងជ្រាលជ្រៅ ចំពោះការការពារឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា។ ជាពិសេស នាពេលថ្មីៗនេះ ជំនួយបរិក្ខារពេទ្យ និងវ៉ាក់សាំងដ៏ច្រើនលើសលប់របស់ប្រជាជនចិន ក៏បានជួយសម្រួលដល់កាលៈទេសៈលំបាករបស់កម្ពុជាប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលារួមចំណែកដ៏សំខាន់ដល់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ប្រកបដោយជោគជ័យ។
ជាមួយគ្នានេះដែរ ប្រជាជនកម្ពុជា បានជូនពរឱ្យមហាសន្និបាតប្រព្រឹត្ដទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា ដើម្បីសាធារណរដ្ឋប្រជាមានិតចិនសម្រេចបាននូវជោគជ័យដ៏ធំធេង និងថ្មីៗថែមទៀត ជាពិសេសការសម្រេចបាននូវគោលដៅក្នុងការកសាងប្រទេសសង្គមនិយម ដ៏ទំនើបរុងរឿងខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌រុងរឿងជឿនលឿន និងសុខដុមរមនានៅឆ្នាំ២០៤៩ ។
ព្រឹទ្ធសភា បានប្រសិទ្ធពរឱ្យចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងសភា រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ចិន កាន់តែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរពេលទាំងពេលបច្ចុប្បន្ន និងអនាគត៕