ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកមហាសន្និបាត ក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា។

មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី គឺជាព្រឹត្តិការណ៍ដ៏មានសំខាន់សម្រាប់ការជជែកពិភាក្សាលើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី ហើយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលធ្វើឡើងចន្លោះពីថ្ងៃទី០១ មានប្រតិភូផ្នែកកីឡាប្រមាណ ៣៣៦រូប មកពី ៥៥ប្រទេសជុំវិញពិភពលោក។ ក្នុងនោះមានប្រតិភូមកពីបណ្តាប្រទេសក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចំនួន ៤៥ប្រទេស ព្រមទាំងប្រទេសចលនាអូឡាំពិកអន្តរជាតិ ចូលរួមសង្កេតការណ៍ប្រមាណ ១០ប្រទេសទៀត។ ក្រៅពីនោះ ក៏មានប្រតិភូថ្នាក់ដឹកនាំគណៈកម្មាធិការអូឡាំពិកអន្តរជាតិមួយចំនួនទៀតផងដែរ។

ដើមឡើយមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១នេះ គ្រោងធ្វើឡើងនៅប្រទេសចិន ប៉ុន្តែដោយសារការពន្យារពេលនៃព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ២០២២នៅចិន ត្រូវបានលើកពេលទៅឆ្នាំ២០២៣ ទើបក្រុមប្រឹក្សាអូឡាំពិកអាស៊ី ផ្តល់សិទ្ធិជូនកម្ពុជា រៀបចំធ្វើម្ចាស់ផ្ទះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (CAMSOC) បានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីនេះ គឺជាឱកាសដ៏កម្រមួយសម្រាប់កម្ពុជាក្នុងស្វះស្វែងរកការគាំទ្រ ឱ្យបានពេញលេញពីអន្តរជាតិទៅលើនយោបាយកីឡារបស់កម្ពុជា ដែលកំពុងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្កេម លើកទី១២ ឆ្នាំ២០២៣ និងការធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីឆ្នាំ២០២៩។

ឯកឧត្តម វ៉ាត់ ចំរើន បានអះអាងថា ការធ្វើម្ចាស់ផ្ទះមហាសន្និបាតនេះ កម្ពុជានឹងទទួលបានផលប្រយោជន៍ជាច្រើនពីសហគមន៍អន្តរជាតិ ដូចជាការជួយផ្សព្វផ្សាយពីកម្ពុជាតាមបណ្តាញសារព័ត៌មានអន្តរជាតិទៅកាន់ពិភពលោក។

បន្ថែមពីលើនោះព្រឹត្តិការណ៍នេះ ក៏នឹងផ្តល់ភាពងាយស្រួលក្នុងការទាក់ទងគ្នារវាងសហព័ន្ធកីឡាជាតិកម្ពុជា ជាមួយសហព័ន្ធកីឡាអន្តរជាតិ ចលនាអូឡាំពិកអន្តរជាតិ ក្នុងគោលបំណងជួយពង្រឹងការអភិវឌ្ឍវិស័យកីឡាជាតិនៅកម្ពុជា។ ជាពិសេសជំរុញបន្ថែមដល់ចលនាកីឡាពិភពលោក មើលឃើញពីសក្តានុពលរបស់កម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងថា «នេះជាពេលវេលាដ៏ល្អមួយដែលសហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានមើលឃើញពីសក្តានុពលកម្ពុជានូវវិស័យកីឡា សេដ្ឋកិច្ច ជាពិសេសកត្តាចម្បងនៃម្លប់សន្តិភាពរបស់កម្ពុជា ដែលកំពុងបោះជំហាននៃការ អភិវឌ្ឍលើគ្រប់វិស័យពីមួយដំណាក់កាលទៅមួយដំណាក់កាល ខណៈគោលដៅនៃសុខសុវត្ថិភាពពីជំងឺកូវីដ១៩ ក៏ត្រូវបានអន្តរជាតិបានលើកឡើងផងដែរ»។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៨២ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា។ បច្ចុប្បន្នមានទីស្នាក់ការធំ នៅប្រទេសគុយវ៉ែត ដឹកនាំដោយប្រធានស្ដីទី គឺលោក Raja Randhil Singh ជាជនជាតិ
ឥណ្ឌា ក្រោយពីព្រះអង្គម្ចាស់ Sheikh Ahmad Al Fahad Al Sabah បានលាលែងពីតំណែងនៅឆ្នាំ២០១៩។

ក្រុមប្រឹក្សាអូឡាំពិកអាស៊ី មានសមាជិកជាគណៈកម្មាធិការជាតិអូឡាំពិកចំនួន ៤៥ប្រទេស ក្នុងទ្វីបអាស៊ី ក្នុងនោះក៏មានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចូលជាសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ី ឆ្នាំ១៩៩៤៕