(កំពង់ធំ)៖ ខ្នងផ្ទះទី២១៤ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ត្រូវបានឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយក្រុមការងារយេនឌ័រ ជាយោធិននារី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមនិងអាជ្ញាធរដែនដី បានប្រគល់ផ្ទះជូនអតីតយុទ្ធជនពិការដោយសារសង្គ្រាម នៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកអនុសេនីយ៍ត្រី ខេង សារិន អាយុ៦៣ឆ្នាំ បានរៀបរាប់ថា គាត់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨១ នៅអង្គភាពយោធាស្រុកសន្ទុក ខេត្តកំពង់ធំ ហើយបានធ្លាក់ខ្លួនពិការដោយសារសង្គ្រាមក្នុងពេលប្រយុទ្ធនៅក្នុងសមរភូមិ នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំនៅឆ្នាំ១៩៩២។
គាត់មានភរិយា និងកូននៅក្នុងបន្ទុកគ្រួសារសរុបចំនួន៤នាក់ ហើយគាត់ធ្លាក់ខ្លួនមានជំងឺ មិនអាចប្រកបមុខរបរអ្វីបាន និងមិនមានលទ្ធភាពក្នុងការសាងសង់ជម្រកស្នាក់នៅឲ្យបានសមរម្យ ដោយសារមានជីវភាពលំបាកខ្វះខាត បច្ចុប្បន្នរស់នៅភូមិឈើទាល ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
នៅក្នុងឱកាសនេះឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ព្រោះអតីតយុទ្ធជនគឺជាអ្នកធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ដោយបានរួមចំណែកធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។
នៅក្នុងពិធីប្រគល់ផ្ទះថ្មីខ្នងទី២១៤ នៅពេលនេះ ឯកឧត្តមឧត្តមសេនីយ៍ សោម ស៊ុន បាននាំយកអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភជូនគាត់បន្ថែមទៀតមានអង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ សម្ភារសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ និងថវិកាមួយចំនួនទៀតផងដែរ។
លោក ខេង សារិន អតីតយុទ្ធជនពិការ និងក្រុមគ្រួសារបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលបានជួយដោះស្រាយរាល់ការលំបាកខ្វះខាតជូនពួកគាត់៕