(បន្ទាយមានជ័យ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋ ដែលជួបការលំបាកដោយសារជំនន់ទឹកភ្លៀងចំនួន១១២គ្រួសារ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងនាមប្រធានក្រុមការងារ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងថា ជំនន់ទឹកភ្លៀងតែងតែនាំមកនូវផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងទ្រព្យសម្បត្តិ ផលដំណាំ សត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ ដែលតម្រូវឱ្យយើងទាំងអស់គ្នាត្រូវតែរួមសហការជាកំលាំងសរុប មធ្យោបាយសរុប ដើម្បីបង្ការទប់ស្កាត់ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា យកចិត្តទុកដាក់ចំពោះកុមារតូច ចាស់ជរា ស្រ្តីមានផ្ទៃពោះ ។ល។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្ថែមចាប់តាំងពីដំណាក់កាលដ៏លំបាកបង្កដោយជំងឺរាតត្បាតកូវីដ១៩ មកវិស័យកសិកម្មពិតជាបានជួយដល់ជិវភាពប្រជាពលរដ្ឋយើ ដូចនេះគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវស្ដារវិស័យកសិកម្ម រក្សាទឹកទុកធ្វើស្រូវប្រាំង ចិញ្ចឹមសត្វ និងដាំបន្លែ បង្កើតការងារបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅពេលទឹកស្រកចុះទៅវិញ។
ថ្លែងក្នុងនាមសម្តេចតេជោ ហ៊ុន សែន និងលោកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានសម្តែងនូវការចូលរួមសោកស្តាយចំពោះក្រុមគ្រួសារដែលបាត់បង់ទ្រព្យសម្បត្តិ និងសមានទុក្ខក្រៀមក្រំចំពោះក្រុមគ្រួសារ ដែលបាត់បង់សមាជិកគ្រួសារដោយសារជំនន់ទឹកភ្លៀង។
អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនាំមកចែកជូន ដើម្បីសម្រាលនូវការលំបាកដល់ប្រជាពលរដ្ឋចំនួនសរុប១១២គ្រួសារ នៅក្រុងសិរីសោភ័ណ ដោយក្នុង០១គ្រួសារៗទទួល បានរួមមាន៖ អង្ករ ១០គីឡូក្រាម មី ១កេស ត្រី ខ៥កំប៉ុង ទឹកស៊ីវអ៊ីវ៣ដប ទឹកត្រី៣ដប ធូបមូស៥ប្រអប មុង១ សាប៊ូដុសខ្លួន ២ដុំទឹកសុទ្ធ (ថ្នាំប៉ារ៉ា២បន្ទះ បេតាឌីន ១ដប) សារុង១ ថវិកា២ម៉ឺនរៀល, ជូនគ្រួសារដែលមាន សមាជិកស្លាប់ដោយទឹកជំនន់០១គ្រួសារ ក្នុង១គ្រួសារៗថវិកា៥០ម៉ឺនរៀល នគរបាល កងរាជអាវុធហត្ថ ទាហាន ប្រជាការពារភូមិ ក្រុមគ្រូពេទ្យក្នុង១អង្គភាព/ក្រុមថវិកា៥០ម៉ឺនរៀល ក្រុមយុវជនគ្រប់ថ្នាក់ ៦០នាក់ ម្នាក់ៗ ថវិកា១ម៉ឺនរៀល, អតីតចៅសង្កាត់ព្រះពន្លាថវិកា៥០ម៉ឺនរៀល និងកុមារតូចៗ ១លានរៀលផងដែរ។
តាមរបាយការណ៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រុងសិរីសោភ័ណ មានប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន ៤សង្កាត់ មានគ្រួសាររងផលប៉ះពាល់ចំនួន ៤០៥គ្រួសារ ជម្លៀសបាន៤៦គ្រួសារ លង់ទឹកស្លាប់ ១នាក់ ប៉ះពាល់ស្រូវ ៥៨០ហិកតា ដំណាំរួមផ្សំ៤ហិកតា និងផ្លូវ៣៤កន្លែង ប្រវែង១០,៨៧០ម៉ែត្រ៕