(ភ្នំពេញ)៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាការឡើងថ្លៃសំរាម ការសុំតបណ្តាញទឹកស្អាត ការសុំដោះស្រាយបញ្ហា បើកផ្លូវសាធារណៈ និងការលើកឡើងជំរុញឲ្យអាជ្ញាធរលុបបំបាត់ល្បែងស៊ីសង និងគ្រឿងញៀនជាដើម។
វេទិកានេះធ្វើឡើងនៅផ្សារ OCIC ក្រោមវត្តមានឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្នុងវេទិកាសាធារណៈនេះ ប្រជាពលរដ្ឋបានលើកឡើងពីកង្វល់របស់ខ្លួនជាច្រើន មានទាំងបញ្ហាការឡើងថ្លៃសំរាមពី៤០០០រៀល មក១ម៉ឺនរៀល ការសុំតបណ្តាញទឹកស្អាត នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ការសុំដោះស្រាយបញ្ហា បើកផ្លូវសាធារណៈ និងការលើកឡើងជម្រុញអោយអាជ្ញាធរ លុបបំបាត់ល្បែងស៊ីសង និងគ្រឿងញៀន និងសូមជួយដោះស្រាយបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀង នៅតំបន់មួយចំនួននៅក្នុងខណ្ឌជ្រោយចង្វា។
ប្រជាពលរដ្ឋបានលើកឡើងថា ចំពោះចំណាត់ការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លើការបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ ត្រូវបានប្រជាពលរដ្ឋសាទរយ៉ាងពេញទំហឹង និងជំរុញឲ្យបន្តបង្ក្រាបទទួលបានជោគជ័យបន្ថែមទៀត។
ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានី បានថ្លែងថា ជុំវិញបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញ មិនបានព្រងើយកន្តើយឡើយគឺបានដោះស្រាយជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋ រួមទាំងចំណាត់ការបន្ទាន់ និងការដាក់ផែនការដើម្បីរំដោះការលិចលង់នេះ។
ឯកឧត្តមបញ្ជាក់ថា «សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ មានសំណើ សំណួរ សំណូមពរផ្ទាល់មាត់ចំនួន១៣នាក់ ស្មើនឹង១៦បញ្ហា និងសំណើ សំណួរ សំណូមពរ ក្នុងប្រអប់សំបុត្រចំនួន១៦បញ្ហា»។
ឯកឧត្តមបន្តថា «រាល់បញ្ហាដែលបានលើកឡើងផ្ទាល់មាត់របស់បងប្អូន យើងសន្យាដោះស្រាយជូនភ្លាម។ ចំពោះអ្វីដែលយើងដោះស្រាយមិនទាន់បាន យើងនឹងសុំគោលការណ៍ដោះស្រាយនៅពេលក្រោយទៀត»។
ឯកឧត្តមបន្តថា រាល់មតិយោបល់ និងការលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនានារបស់ខ្លួន ពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឲ្យ មានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឲ្យរដ្ឋបាលសាធារណៈ។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន បានចាត់ទុកថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ មានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះត្រូវបានខកខានដោយការរាតត្បាតកូវីដ១៩ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋជានិច្ច៕