រដ្ឋសភាកម្ពុជា បានសម្តែងនូវការអបអរសាទរ ប្រកបដោយមនោសញ្ចេតនាយ៉ាងកក់ក្តៅជាទីបំផុត ជូនចំពោះសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) ក៏ដូចជារដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងឱកាសនៃការប្រារព្ធពិធី បើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី២០ដ៏មហោឡារិក របស់គណបក្សកុម្មុយនីស្តចិន ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។
រដ្ឋសភាកម្ពុជា បានចាត់ទុកថា មហាសន្និបាតគណបក្សកុម្មុយនីស្តចិនលើកទី២០នេះ ពិតជាមានសារៈសំខាន់ដ៏ធំធេងសម្រាប់ប្រទេស ប្រជាជន និងគណបក្សកុម្មុយនីស្តចិន ជាពិសេសចំពេលដែលសាធារណរដ្ឋប្រជាមានិតចិន បាននឹងកំពុងអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយវិបុលភាព កិត្យានុភាព និងការកសាងសង្គមនិយម តាមចរិតលក្ខណៈពិសេសរបស់ប្រទេសចិន។
រដ្ឋសភាកម្ពុជា ពិតជាមានជំនឿយ៉ាងមុតមាំថា «មហាសន្និបាតនាឱកាសនេះ នឹងដាក់ចេញនូវយុទ្ធសាស្រ្តស៊ីជម្រៅ និងទិសដៅថ្មីៗប្រកបដោយឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់បន្ថែមទៀត ដើម្បីបន្ថែមល្បឿនក្នុងការពង្រឹងការអភិវឌ្ឍ និងការជំរុញធ្វើយ៉ាងណាឲ្យប្រទេស និងប្រជាជនចិនឈានឆ្ពោះទៅរកភាពកាន់តែសម្បូររុងរឿងបន្ថែមទៀត»។
បន្ថែមពីនេះ រដ្ឋសភា បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាតិ ដ៏មហាសាលលើគ្រប់វិស័យដែលថ្នាក់ដឹកនាំ និងប្រជាជនចិនសម្រេចបានក្នុងរយៈពេលកន្លងមកនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្សកុម្មុយនីស្តចិន ហើយបានធ្វើឲ្យប្រទេសចិន ក្លាយជាមហាអំណាច សេដ្ឋកិច្ចទី២ក្នុងពិភពលោក និងបាននាំឲ្យប្រជាជនចិនចាកផុតពីភាពក្រីក្រចាប់តាំងពីឆ្នាំ២០០២កន្លងមក»។
ជាងនេះទៀត ការអភិវឌ្ឍ និងតួនាទីស្នូលដ៏មានសារៈសំខាន់មិនអាចខ្វះបានរបស់ចិន បាននាំមកនូវសន្តិភាព ស្ថិរភាព វិបុលភាព វឌ្ឍនភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ ក៏ដូចជាសកលលោកផងដែរ។
រដ្ឋសភាបានបន្ថែមថា ប្រជាជនកម្ពុជា សូមគាំទ្រនូវគោលនយោបាយចិនតែមួយ និងបេ្តជ្ញាបន្តការជួយគ្នាទៅវិញទៅមកក្នុងភាពជាដៃគូល្អ ជាមិត្តដ៏ល្អ នៅគ្រប់កាលៈទេសៈនៃការលំបាក ចំពោះបញ្ហាប្រឈមទាំងឡាយ នៃការបម្រែបម្រួលអាកាសធាតុ និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃសភាពការណ៍នយោបាយក្នុងពិភពលោក។
ជាមួយគ្នានោះដែរ រដ្ឋសភាកម្ពុជា ព្រមទាំងប្រជាជនកម្ពុជា បានជូនពរឲ្យមហាសន្និបាតប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា ដើម្បីសាធារណរដ្ឋប្រជាមានិតចិន សម្រេចបាននូវ ជោគជ័យដ៏ធំធេង និងថ្មីៗថែមទៀត ជាពិសេសការសម្រេចបាននូវគោលដៅ ក្នុងការកសាងប្រទេសសង្គមនិយម ដ៏ទំនើប រុងរឿងខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌រុងរឿងជឿនលឿន និងសុខដុមរមនានៅឆ្នាំ២០៤៩។
រដ្ឋសភាសូមប្រសិទ្ធពរឲ្យចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងសភា រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ចិន កាន់តែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរទាំងពេលបច្ចុប្បន្ន និងទៅអនាគត៕