កម្ពុជា-ថៃ ស្វះស្វែងរកកិច្ចសហប្រតិបត្តិការ លើផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ


លោកបណ្ឌិតសាស្ត្រាចារ្យ អនេក ឡៅថាំម៉ាថាត់ (Anek Laothammatas) រដ្ឋមន្ត្រីឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍របស់ថៃ បានបង្ហាញស្វែងរកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយកម្ពុជា លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសុខាភិបាល។

បំណងរបស់លោកបណ្ឌិតសាស្ត្រាចារ្យ ត្រូវបានស្តែងឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះលោក អនេក បានជម្រាបសម្តេចតេជោ ពីបំណងរបស់លោកក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរជាមួយកម្ពុជាលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និងសុខាភិបាល។

ដើម្បីពង្រឹងដល់កិច្ចសហប្រតិបត្តិការនេះ លោក អនេក ប្រកាសផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេស នៅតាមសកលវិទ្យាល័យល្បីរបស់ថៃ។

លោកក៏អនុញ្ញាតឱ្យអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រកម្ពុជា ទៅចូលរួមសិក្សា និងស្រាវជ្រាវលើវិស័យជាច្រើនរួមទាំងវិស័យតារាសាស្ត្រ ជីវសាស្ត្រ អាហារសាស្ត្រ និងវិស័យដទៃទៀតនៅក្នុងប្រទេសថៃ។ បន្ថែមពីលើនោះ លោកបណ្ឌិតសាស្ត្រាចារ្យ អនេក បានអញ្ជើញប្រតិភូកម្ពុជាទស្សនកិច្ចផ្លូវការនៅថៃ ពិនិត្យលទ្ធភាពពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលអាចធ្វើទៅបាន ជាពិសេសលើវិស័យអប់រំ។

លោកបណ្ឌិតសាស្ត្រចារ្យ ក៏បានបង្ហាញបំណងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល ជាពិសេសលើជំនាញឯកទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តល់អាហារូបករណ៍ និងកិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសុខាភិបាល។

សម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាត្រូវការនិស្សិតសិក្សាជំនាញថ្នាក់អនុបណ្ឌិត និងបណ្ឌិតផ្នែកបច្ចេកទេស និងការស្រាវជ្រាវ។ ក្នុងន័យនេះសម្តេចតេជោ បានស្នើសុំឱ្យមានការបន្តពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យបានល្អ និងកាន់តែស៊ីជម្រៅ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទស្សនកិច្ចនៅប្រទេសថៃ តាមការអញ្ជើញរបស់លោក អនេក ដើម្បីស្វែងយល់ និងពង្រឹងកិច្ចសហប្រតិបត្តិការ៕