ឯកឧត្តម ថោង ខុន បញ្ជាឱ្យក្រុមការងារបក្សចុះជួយប្រជាជនរងគ្រោះដោយទឹកជំនន់នៅស្រុកបារាយណ៍និងតាំងគោក


ឯកឧត្តម ថោង ខុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបារាយណ៍និងស្រុកតាំងគោក បានបញ្ជាទៅកាន់ក្រុមការងារពិសេសរបស់គណបក្សប្រជាជនជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ត្រូវចុះជួយប្រជាជនដែលកំពុងរងគ្រោះដោយសារទឹកជំនន់នៅភូមិសាស្ត្រទាំងពីរខាងលើជាបន្ទាន់ ខណៈស្ទើរទូទាំងប្រទេសក៏កំពុងជួបនូវបញ្ហានេះដែរ។

ការដាក់អនុសាសន៍បន្ទាន់នេះត្រូវបានធ្វើឡើងនាឱកាសផ្សព្វផ្សាយសេចក្ដីសម្រេចរបស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងផែនការរបស់គណបក្សខេត្ត ស្ដីពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២។

គួរជម្រាបថា ក្រុមការងារពិសេសចុះជួយប្រជាជននៅស្រុកទាំងពីរគឺត្រូវបង្កើតឡើងនាពេលថ្មីៗនេះហើយក៏បានប្រកាសសមាភាពជាផ្លូវការនាឱកាសផ្សព្វផ្សាយសេចក្ដីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា នោះផងដែរ។

ឯកឧត្តម ថោង ខុន បានណែនាំចង្អុលបង្ហាញដល់ក្រុមការងារពិសេសទាំងពីរស្រុក មន្ត្រីគណបក្សស្រុក/ឃុំ/ភូមិ សកម្មជនបក្ស និងយុវជនបក្សត្រូវសហការគ្នាគ្រប់ផ្នែកពាក់ព័ន្ធ ចុះជួយឱ្យបានសកម្មជាមួយប្រជាជនដែលកំពុងរងគ្រោះដោយសារទឹកជំនន់ បញ្ហាលិចលង់ផ្ទះសម្បែង សត្វចិញ្ចឹម ស្រែចម្ការ ផ្លូវថ្នល់ ហេដ្ឋារចនាសម្ពន្ធ ពិសេសគឺសូមជួយបន្ថែមទៀតនូវការគាំទ្រធនធានថវិកា និងសម្ភារៈសម្រាប់ជួយប្រជាជនរងគ្រោះនៅក្នុងមូលដ្ឋានរងគ្រោះនោះ។

ឯកឧត្តមក៏ចង្អុលបង្ហាញដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកទាំងពីរឱ្យត្រៀមស្បៀងសង្គ្រោះ សម្ភារប្រើប្រាស់បណ្ដោះអាសន្ន ក៏ដូចជាត្រៀមនូវគ្រាប់ពូជស្រូវ/ដំណាំ ដើម្បីចែកជូនប្រជាពលរដ្ឋធ្វើស្រែបន្ទាប់ពីទឹកជំនន់ស្រកទៅវិញ ហើយក៏ត្រៀមទីទួលមានសុវត្ថិភាព ក្នុងករណីតម្រូវឱ្យជម្លៀសប្រជាជនចេញពីលំនៅដ្ឋានរបស់ពួកគាត់ដែលរងការលិចលង់កាន់តែខ្លាំង។

ឯកឧត្តម ថោង ខុន បានបន្ថែមថា ក្រៅពីការងារចាំបាច់ទាំងនេះ ក្រុមការងារគណបក្សក៏ត្រូវយកចិត្តទុកដាក់លើជីវភាពប្រជាពលរដ្ឋ ព្រមទាំងធ្វើសកម្មភាពតាមផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមាននៅក្នុងសេចក្ដីសម្រេចរបស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងសម្រេចរបស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំផងដែរ។

ឯកឧត្តមបានសង្កត់ធ្ងន់ទៀតថា មកដល់ពេលនេះគឺកាន់តែខិតជិតការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ហើយ ដូច្នេះក្រុមការងារគណបក្ស គណបក្សស្រុក គណបក្សឃុំ សមាជិក យុវជនគណបក្សទាំងអស់ត្រូវសហការគ្នាឱ្យបានសកម្មជាងមុន ហើយចុះឱ្យដល់ភូមិ ដល់ក្រុមបក្ស គ្រួសារបក្ស គ្រួសារប្រជាជន ដើម្បីយកចិត្តទុកដាក់លើជីវភាពប្រជាពលរដ្ឋ កសាងប្រជាប្រិយភាពជូនគណបក្ស ពង្រឹង/ពង្រីកសមាជិកបក្សបន្ថែម៕