រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា


នៅរសៀលថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបិទមាហសន្និបាតកាយរឹទ្ធិជាតិកម្ពុជា។

កាលពីថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០២២ ថ្នាក់ដឹកនាំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបតិ្តកាយរឹទ្ធិជាតិកម្ពុជា ថ្នាក់ជាតិ រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសប្រមាណ ៧០០នាក់ បានជួបជុំគ្នាបើកមហាសន្និបាតអាណត្តិទី៤ ឆ្នាំ២០២២-២០២៦ ដើម្បីពិនិត្យលើការងារក្នុងអាណត្តិចាស់ ព្រមទាំងដាក់ចេញនូវផែនការសកម្មភាពសម្រាប់អាណត្តិថ្មី។ ជាពិសេសធ្វើយ៉ាងណាឱ្យកាយរឹទ្ធិជាតិកម្ពុជា ចូលរួមធ្វើសកម្មភាពកាន់តែសកម្មសម្រាប់ជាប្រយោជន៍សង្គមជាតិ។

ក្នុងមហាសន្និបាតដែលបានធ្វើឡើងពេញមួយថ្ងៃអាទិត្យ​ និងមួយព្រឹកថ្ងៃចន្ទនេះ ថ្នាក់ដឹកនាំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបតិ្តកាយរឹទ្ធិជាតិកម្ពុជា ថ្នាក់ជាតិ រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស បានសម្រេចជាឯកច្ឆន្ទលើការងារមួយចំនួនធំ សម្រាប់ការប្រតិបត្តិនៅក្នុងអាណត្តិថ្មី។

សូមបញ្ជាក់ថា កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបង្កើតដំបូងមានឈ្មោះថា អង្គការខេមរកាយរឹទ្ធិកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៣៤ ក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ជាមួយថ្នាក់ដឹកនាំផ្សេងទៀត។ ជំនាន់ដំបូង នៃខេមរកាយរឹទ្ធិកម្ពុជាបានពង្រីក និងផ្សព្វផ្សាយ​ទៅដល់៧-៨​ខេត្ត ក្រុង និងមានសមាជិកច្រើនជាង ១,០០០នាក់។

កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបាត់បង់ទៅវិញទាំងស្រុងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត។ ក្រោមការផ្តួចផ្តើម និងជំរុញពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបង្កើតឡើងជាថ្មីនៅឆ្នាំ២០០០ និងបានរៀបចំរចនាសម្ព័ន្ធជាបន្តបន្ទាប់ពីថ្នាក់ជាតិ ដល់មូលដ្ឋាន។

កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបែងចែកជា ៣ថ្នាក់រួមមាន៖ កាយរឹទ្ធិប្អូន (អាយុ៩-១១ឆ្នាំ), កាយរឹទ្ធិ (អាយុ១២-១៧ឆ្នាំ) និងកាយរឹទ្ធិរៀមច្បង (អាយុ ១៨-២៥ឆ្នាំ)។ មកដល់ពេលបច្ចុប្បន្នកាយរឹទ្ធិជាតិកម្ពុជា មានសមាជិកសរុបជាង ១០ម៉ឺននាក់។

កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិនៃអង្គការពិភពលោកចលនាកាយរឹទ្ធិនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៨ និងត្រូវបានប្រកាសជាឱឡារឹកនៅក្នុងអង្គមហាសន្និបាតលើកទី៣៨នាថ្ងៃទី១៤-១៨ ខែកក្កដា ឆ្នាំ២០០៨ នៅកូរ៉េខាងត្បូង.

ចលនាកាយរឹទិ្ធជាតិកម្ពុជា គឺជាចលនាសម្រាប់កុមារ និងយុវជន និងអប់រំក្រៅប្រព័ន្ធ ដែលជួយគាំទ្រដល់ប្រព័ន្ធអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា។ កាយរឹទិ្ធជាតិកម្ពុជា ក៏ជាចលនាអប់រំបែបស្ម័គ្រចិត្តសម្រាប់កុមារ យុវជន ដោយមិនធើ្វនយោបាយ និងបើកចំហរចំពោះជនគ្រប់រូប ដោយមិនគិតអំពីភេទ ដើមកំណើត សញ្ជាតិ ឬគោលជំនឿ និង អនុលោមទៅតាមគោលបំណង គោលការណ៍ និងវិធីកាយរឹទិ្ធកម្ម។

ចលនាកាយរឹទិ្ធមានគោលបំណងរួមចំណែកអភិវឌ្ឍកុមារ និងយុវជន ឱ្យមានសក្តានុពលពេញលេញខាងផ្លូវកាយផ្លូវចិត្ត ផ្លូវបញ្ញា ផ្លូវសង្គម និងផ្លូវអារម្មណ៍ ឱ្យក្លាយជាពលរដ្ឋល្អ និងមានការទទួលខុសត្រូវនៅក្នុងសហគមន៍ជាតិ និងអន្តរជាតិ។ សមាជិក សមាជិកាម្នាក់ៗមានភារកិច្ចសំខាន់៣យ៉ាងគឺ៖ ភារកិច្ចចំពោះសាសនា, ភារកិច្ចចំពោះប្រទេសជាតិ និងមនុស្សជាតិទាំងអស់, និងភារកិច្ចចំពោះខ្លួនឯង ដែលត្រូវបំពេញ តាមរយៈវិធីកាយរឹទ្ធិកម្ម គឺការធើ្វសច្ចាប្រណិធាន និងច្បាប់កាយរឹទិ្ធ ការរៀនដោយអនុវត្តជាក់ស្តែង, ការចូលជាសមាជិកនៃក្រុមល្បាត, ដោយមានការជួយណែនាំពីមនុស្សពេញវ័យ ដើម្បីបង្កើតកម្មវិធី និងសកម្មភាពផ្សេងៗ តាមកងឯកភាព (សាលារៀន) របស់ពួកគេ៕