រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ កំពូលស្ត្រីអាស៊ានលើកទី២


(ភ្នំពេញ)៖ ក្នុងនាមជាប្រធានអាស៊ាននៅរសៀលថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២នេះ កម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន។

កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ នឹងធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖បំផុសសហគ្រិនស្ត្រីនៅក្នុងអាស៊ាន»។ កិច្ចប្រជុំនឹងធ្វើឡើងក្រោមទម្រង់កូនកាត់ដោយមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ ក្នុងនោះអ្នកចូលរួមដោយផ្ទាល់មានប្រមាណ ៣០០នាក់ និងតាមប្រព័ន្ធវីដេអូប្រមាណ ៥០០នាក់។

ក្នុងកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២នេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះបើក និងបិទកិច្ចប្រជុំ។ ក្រៅពីនោះ ក៏មានបទអន្តរាគមន៍ពីវាគ្មិនពិសេសៗផងដែរ។

កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ មានគោលបំណងផ្តល់ជាវេទិកាសម្រាប់ការផ្លាស់ប្តូរមតិ និងការពិភាក្សារវាងមេដឹកនាំស្ត្រីអាស៊ាន និងប្រមុខដឹកនាំនៃប្រទេសសមាជិកអាស៊ានលើបញ្ហាប្រឈម និងកាលានុវត្តន៍ភាព ដើម្បីអភិវឌ្ឍសហគ្រិនភាពរបស់ស្ត្រី​ និងលើកកម្ពស់ការធ្វើបរិវត្តកម្ម ឆ្ពោះទៅរកការស្តារឡើងវិញដ៏រឹងមាំនៃសហគ្រាសធុនមីក្រូ ធុនតូច និងមធ្យមជាមួយនឹងការយកចិត្តទុកដាក់បំផុតទៅលើការគិតគូរពីភាពធន់ និងចីរភាព ក៏ដូចជាការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី និងការបញ្ជ្រាបយេនឌ័រ។ គោលដៅទាំងនេះ នឹងសម្រេចបានតាមរយៈការកំណត់ឱ្យបានច្បាស់អំពីអភិក្រមនៃការធ្វើបរិវត្តកម្ម និងគ្រប់ជ្រុងជ្រោយ ដែលអ្នកដឹកនាំ និងអ្នកពាក់ព័ន្ធទាំងអស់អាចប្រើសម្រាប់ដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញ និងពហុវិស័យ ដែលរារាំងសហគ្រិនភាព និងភាពជាអ្នកដឹកនាំសេដ្ឋកិច្ចរបស់ស្ត្រី។

កិច្ចប្រជុំនេះ នឹងពិនិត្យមើលឧបសគ្គ និងនិន្នាការបច្ចុប្បន្ន ក៏ដូចជាកាលានុវត្តភាពដែលអាចជះឥទ្ធិពលលើសិទ្ធិស្ត្រីក្នុងការទទួលបានសហគ្រិនភាព និងប្រព័ន្ធអេកូឡូស៊ីសហគ្រិន ក្នុងបរិបទមានការរាតត្បាតនៃជំងឺកូវីដ១៩ ព្រមទាំងការផ្លាស់ប្តូរក្នុងមជ្ឈដ្ឋានការងារ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងអាស៊ាន។

កិច្ចប្រជុំក៏នឹងកំណត់អំពីកាលានុវត្តភាពដែលនឹងជំរុញការស្តារឡើងវិញ កំណើន និងភាពធន់នៃសហគ្រាសធុនមីក្រូ ធុនតូច និងធម្យមរបស់ស្ត្រី បង្កើតបរិយាកាសធុរកិច្ចស្មើភាពសម្រាប់ឱ្យស្ត្រីធ្វើការប្រកួតប្រជែងរីកចម្រើន និងដឹកនាំ និងបំផុសសក្តានុពលសហគ្រិនភាព ដែលមាននវាវត្តន៍ និងការច្នៃប្រឌិតរបស់ស្ត្រីនៅក្នុងអាស៊ាន។

កិច្ចប្រជុំកំពូលស្ត្រីអាស៊ានមានការរំពឹងថា នឹងមានការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការគាំទ្រ និងជំរុញសហគ្រិនភាពរបស់ស្ត្រីឱ្យទៅជារបៀបវារៈក្នុងតំបន់, ទទួលស្គាល់តួនាទីដ៏សំខាន់ សក្តានុពល និងភាពខ្លាំងរបស់មេដឹកនាំជាស្ត្រី និងស្ត្រីទាំងអស់ក្នុងអាស៊ាន ក្នុងការបង្កើតមាគ៌ាឆ្ពោះទៅរកការស្តារឡើងវិញ និងការរៀបចំអនាគតនៃតំបន់អាស៊ាននៅក្នុងពិភពលោកក្រោយវិបត្តិនៃជំងឺកូវីដ១៩។

កិច្ចប្រជុំក៏មានក្តីរំពឹងដែរថា នឹងបង្កើតភាពជាដៃគូជាក់ស្តែង និងកិច្ចសហការគ្នារវាងរដ្ឋាភិបាលអាស៊ាន វិស័យឯកជន និងអ្នកពាក់ព័ន្ធសំខាន់ៗក្នុងការជំរុញរបៀបវារៈសហគ្រិនភាពរបស់ស្ត្រីក្នុងតំបន់៕