កម្ពុជាប្តូរវេនធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍មេគង្គ២០២៣ បន្ទាប់ពីវៀតណាម


(វៀតណាម)៖ កម្ពុជាបានទទួលទទួលកិត្តិយសធ្វើជាម្ចាស់ផ្ទះប្តូរវេនក្នុងការរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ (Mekong Tourism Forum 2023) បន្ទាប់ពីប្រទេសវៀតណាមដែលបានរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២២ នៅទីក្រុងហួយអាន ចាប់ពីថ្ងៃទី៩-១២ ខែតុលានេះ។

ភាគីកម្ពុជាដឹកនាំដោយឯកឧត្តម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានដឹកនាំមន្ត្រីជំនាញចូលរួមវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២២ ក្រោមប្រធានបទ៖ ការស្តារវិស័យទេសចរណ៍ឡើងវិញប្រកបដោយភាពធន់ (Rebuild Tourism Rebound Resilience)។

វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២២ បានប្រមូលផ្តុំនូវអ្នកជំនាញជាន់ខ្ពស់មកពីវិស័យសាធារណៈ និងឯកជន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗកន្លងមក ដោយបានផ្តោតសំខាន់លើប្រធានបទចំនួន៣ រួមមាន៖ ១.សហគ្រាសសង្គម (Social Enterprises)៖ ឧបករណ៍ដែលមានប្រសិទ្ធភាព និងសារៈសំខាន់ក្នុងការស្តារផ្សព្វផ្សាយ និងអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព ២.វិធីសាស្ត្រថ្មីដើម្បីផ្សាភ្ជាប់អ្នកលក់ និងអ្នកទិញក្នុងវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និង៣.បច្ចេកវិទ្យា៖ បើកឱកាសទេសចរណ៍បៃតង។

ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក៏បានចែករំលែកបទពិសោធន៍ក្នុងប្រធានបទទី៣ ដោយក្នុងនោះលោកបានចែករំលែកពីបទពិសោធន៍របស់កម្ពុជាក្នុងការជំរុញលើកកម្ពស់បច្ចេកវិទ្យាដល់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលបច្ចុប្បន្នក្រសួងទេសចរណ៍កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងពាក់ព័ន្ធ ដើម្បីដំឡើងបង្គោលសេវាទូរស័ព្ទចំនួន១០០ នៅតាសហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍សំខាន់ៗទូទាំងប្រទេស។

ឯកឧត្តមអនុរដ្ឋលេខាធិការ កើត ពុទ្ធវរី តំណាងឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងសន្ទរកថាស្វាគមន៍ និងទទួលទង់មេគង្គប្តូរវេនសម្រាប់ការត្រៀមរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ (Mekong Tourism Forum 2023) នៅកម្ពុជា ក្រោមប្រធានបទ៖ គិតគូរឡើងវិញពីភាពធន់ និងបច្ចេកវិទ្យា (Rethink for Resilience and Digitalization)។ ប្រទេសមហាអនុតំបន់មេគង្គគាំទ្រយ៉ាងពេញទំហឹងដែលកម្ពុជាជាម្ចាស់ផ្ទះបន្ទាប់ ព្រមទាំងបានត្រៀមលក្ខណៈគ្រប់គ្រាន់វេទិកានេះគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២១ ខែតុលា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ៕