ឯកឧត្តមរដ្ឋមន្រ្តី វង សូត ៖ រាជរដ្ឋាភិបាលពុំបានព្រងើយចំពោះសុខទុក្ខបងប្អូនអតីតយុទ្ធជនឡើយ, ប្រាក់បៀវត្សត្រូវបានដំឡើងជាបន្តបន្ទាប់


(ស្វាយរៀង)៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាលពុំបានព្រងើយចំពោះសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនយើងឡើយ ពោលគឺបានយកចិត្តទុកដាក់ខ្ពស់​ដោយបានគិតគូរដំឡើងប្រាក់បៀវត្សជាបន្តបន្ទាប់រៀងរាល់ឆ្នាំ សំដៅលើកកម្ពស់ជីវភាពឲ្យមានភាពប្រសើរឡើង ជាការតបស្នងចំពោះការបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដីនាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយរហូតដល់សព្វថ្ងៃ។

ឯកឧត្តម វង សូត បានលើកឡើងបែបនេះ ខណៈឯកឧត្តម និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ចំនួន៥០០គ្រួសារ រស់នៅឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងរាស្រ្ត អភិបាលខេត្ត ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលដ្ឋាន បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ សរុបប្រមាណ៦០០នាក់ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ។ រដ្ឋមន្រ្តី វង សូត ស្នើឲ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសមេភូមិមេឃុំក្រុមជនបង្គោលតាមមូលដ្ឋាន ត្រូវអនុវត្តការងារឲ្យមានតម្លារភាព ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់បណ្ណសមធម៌ជូនប្រជាពលរដ្ឋ ក្រីក្រតាមមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

បន្ថែមពីលើនេះ ដើម្បីសម្រួលការលំបាកជូនបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ឯកឧត្តមរដ្ឋមន្រ្តី វង សូត ក៏បានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ព្រមទាំងជីកប្រឡាយរំដោះទឹកប្រវែងជិត ១០០០ពាន់ម៉ែត្រ ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងមូលដ្ឋាននេះផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងអរគុណឯកឧត្តម វង សូត ដែលបានអញ្ជើញចុះមកជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនគ្រួសារអតីតយុទ្ធជនកំពុងរស់នៅតំបន់ផ្ទះ ៤០០ខ្នង ស្មើ៤០០គ្រួសារ និងបងប្អូនក្រីក្រចំនួន១០០គ្រួសារ នៅភូមិជីកដីនាពេលនេះ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា មន្ទីរ-អង្គភាពរបស់យើងទាំងអស់នឹងបន្តសកម្មភាពរបស់ខ្លួនឲ្យកាន់តែផុសផុលថែមទៀត ក្នុងការជួយឧបត្ថម្ភគាំទ្រដល់បងប្អូនគ្រូសារអតីតយុទ្ធជន ដើម្បីជាការតបស្នង ចំពោះវីរៈភាពអង់អាចក្លាហាន ពុះពារគ្រប់ឧបសគ្គរបស់បងប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងប្រជាជនឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ៕