កំណាត់ផ្លូវ២ខ្សែនៅរាជធានីភ្នំពេញ ត្រូវបានជួសជុលគ្រឹះ និងអ៊ុតកៅស៊ូ AC រួចរាល់នៅថ្ងៃទី១៣ ខែតុលា


(ភ្នំពេញ)៖ កំណាត់ផ្លូវ២ខ្សែ គឺកំណាត់ផ្លូវជាតិលេខ២ និងកំណាត់ផ្លូវស៊ីសុវត្ថិ ដែលក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តការងារទៅតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួសជុលគ្រឹះ និងអ៊ុតកៅស៊ូ AC រួចរាល់ហើយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃ១៣ ខែតុលាថា អនុវត្តតាមការណែនាំពីឯកឧត្តម ឃួង ស្រេង កាលពីថ្ងៃទី១ ខែតុលា កន្លងមកនេះ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន បានបើកការរដ្ឋានជួសជុលគ្រឹះ និងអ៊ុតកៅស៊ូ AC លើកំណាត់ផ្លូវជាតិលេខ២ មានប្រវែង៤គីឡូម៉ែត្រកន្លះ ទទឹង១៨ម៉ែត្រ ដោយចាប់ពីស្ពានអាកាសក្បាលថ្នល់ ដល់រង្វង់មូលព្រះនរាយ៍ (ព្រំប្រទល់ភ្នំពេញនឹងខេត្តកណ្ដាល)។

ចំពោះការដ្ឋានមួយនេះ បានបញ្ចប់កាលពីថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០២២ និងពេលនេះក្រុមការងារបាននិងកំពុងអ៊ុតគំនូសចរាចរណ៍។ ចំណែកកំណាត់ផ្លូវស៊ីសុវត្ថិវិញ បានអនុវត្តការងារចាប់ពីគល់ស្ពានជ្រោយចង្វារ ដល់វង្វង់មូលសម្តេច សង្ឃជួនណាត ដោយធ្វើការជួសជុល និងអ៊ុតកៅស៊ូ AC ហើយការងារនេះបញ្ចប់នៅថ្ងៃទី១៣ ខែតុលា។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងនៃការជួសជុលគ្រឹះ និងអ៊ុតកៅស៊ូ AC នៅលើកំណាត់ផ្លូវទាំង២ខ្សែនេះ ស្ថិតក្នុងគម្រោងជួសជុលផ្លូវទាំង៥៦ខ្សែរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រួលការធ្វើចរាចរណ៍ជូន បងប្អូនប្រជាពលរដ្ឋ និងដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញកាន់តែស្អាត និងទាក់ទាញផងដែរ។

គួររំលឹកថា ឯកឧត្តម ឃួង ស្រេង កាលពីព្រឹកថ្ងៃទី២៩ ខែសីហា បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់សង្រែលើ និងអង្រែក្រោមខណ្ឌមានន័យ។

នាឱកាសនោះ អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យមន្ត្រីជំនាញ និងអាជ្ញាធរដែនដី រៀបចំសណ្តាប់ធ្នាប់សាធារណៈផ្លូជាតិលេខ២នេះឲ្យបានល្អ ដោយមិនឲ្យមានការលក់ដូររំលោភ យកចិញ្ចើមផ្លូវសាធារណៈ និងជួសជុលមើលថែផ្លូវ ក្រលុកសំបុកមាន់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរទៅមកបានស្រួល លុះមកដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ការដ្ឋានជួលជុលគ្រឹះ និងនិងអ៊ុតកៅស៊ូ AC លើកំណាត់ផ្លូវ១ខ្សែនេះ បានចាប់ផ្តើមតែម្តង៕