លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ចូលរួមរំលែកទុក្ខ និងយកបច្ច័យប្រគល់ជូនគ្រួសារជនរងគ្រោះ និងក្រុមការងារជួយសង្រ្គោះក្នុងឧប្បទ្ទវហេតុលិចទូកដរ នៅស្រុកលើកដែក


លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា, អនុប្រធានទី១ នៃគណ:អចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក រួមដំណើរដោយ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋានស្រុកលើកដែក បានចុះទៅតាមខ្នងផ្ទះរបស់គ្រួសារជនរងគ្រោះជាសិស្សានុសិស្សជាច្រើននាក់ ដែលបានស្លាប់ និងមួយចំនួនត្រូវបានជួយសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតកំពុងបាត់ខ្លួន ក្នុងឧប្បទ្ទវហេតុ (លិចទូកដរទទឹង) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។

ក្នុងវេលាដ៏សោកសៅនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្នុងនាមលោកស្រីផ្ទាល់ ជាមួយនឹងការពាំនាំនូវការរំលែកទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែងបំផុត ប្រកបដោយសេចកី្តសង្វេគអាណិតអាសូរជាពន់ពេក ជាមួយក្រុមគ្រួសារសព និងសាច់ញាតិទាំងអស់ ដែលបានបាត់បង់កូនៗ ក្មួយៗ និងចៅៗជាទីស្រឡាញ់នៅក្នុងហេតុការណ៍ដ៏សោកសៅនេះ។

នាវេលានៃការចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារសពទាំង១១នាក់ លោកស្រីកិត្តិសង្គហបណ្ឌិត បានបរិច្ចាគចូលរួមបុណ្យសពទាំង ១១ ដោយក្នុង ០១គ្រួសារ ទទួលបានថវិកាចំនួន ១ពាន់ដុល្លារ ព្រមទាំងបានឧបត្ថម្ភកុមារា ២នាក់ និងកុមារី១នាក់ ដែលនៅមាននៅមានជីវិត ក្នុងម្នាក់ៗ ១លានរៀល និងបានឧបត្ថម្ភដល់ក្រុមការងារជួយសង្រ្គោះរុករកក្មេងៗចំនួន ១០ លានរៀល ។

លោកស្រីបានកោតសរសើរ និងវាយតំលៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការខិតខំជួយសង្រ្គោះ និងកំពុងបន្តរុករកជនរងគ្រោះដែលកំពុងបាត់ខ្លួន។

ជាទីបញ្ចប់លោកស្រី សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតទាំងអស់នោះបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសូមជូនពរដល់ក្មេងៗជនរងគ្រោះទាំងអស់ដែលរួចផុតជីវិតពីការស្លាប់ សូមឆាប់ជាសះស្បើយ ដើម្បីវិលទៅបន្តការសិក្សារៀនសូត្រ រស់នៅជាប្រក្រតីវិញ។

ជាមួយគ្នានេះផងដែរ សប្បុរសជនជាក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារនៃអគ្គលេខាធិការរដ្ឋានរដ្ឋសភា ចុះមូលដ្ឋានស្រុកលើកដែកក៏បានចូលរួមឧបត្ថម្ភថវិកា រួមមាន៖

– លោក ហេង រតនា អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក ថវិកាចំនួន ៤លានរៀល ក្នុង១សព
– លោក ច័ន្ទ តានី ២ លានរៀល
– លោក អ៊ុក ដាមរី និងលោកជំទាវ ១ លានរៀល
– លោក ឧកញ៉ា គា ធី ២ លានរៀល
– លោក មិត្ត ទីមាន និងក្រុមការងារភូមិថ្មី និងភូមិព្រែកតាទួន នៃឃុំពាមរាំង ចំនួន ១ លានរៀល
– លោកស្រី អ៊ុក រីដា ១ លានរៀល
– លោក ទឹម វណ្ណា និងភរិយា ១ លានរៀល
– លោក ម៉ី សំណាង និងក្រុមការងារកោះកន្ធាយ ៥០ ម៉ឺនរៀល
– លោក គឹម សុទ្ធា ៥០ ម៉ឺនរៀល
– លោក ជិន ដាវណ្ណ ៤០ ម៉ឺនរៀល៕