សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ផ្តាំទៅគ្រប់គណបក្សនយោបាយដែលជាប់ពាក់ព័ន្ធពូជក្បត់ជាតិ៣ជំនាន់ នឹងត្រូវប្តឹងផ្តល់ទៅតុលាការ ហើយអ្នកពាក់ព័ន្ធទណ្ឌិត សម រង្ស៉ី ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ងើបមួយនឹងវ៉ៃមួយ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានឆ្លើយតបទៅនឹងការប្រកាសជាថ្មីរបស់ទណ្ឌិត សម រង្ស៉ី​ មេក្រុមឧទ្ទាមក្រៅច្បាប់ ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ផ្តាំទៅគ្រប់គណបក្សនយោបាយដែលជាប់ពាក់ព័ន្ធពូជក្បត់ជាតិ៣ជំនាន់ (ទណ្ឌិត សម រង្ស៉ី) នឹងត្រូវប្តឹងផ្តល់ទៅតុលាការ ហើយអ្នកពាក់ព័ន្ធនឹងទណ្ឌិតនេះចង់ផ្តួលរំលំរាជរដ្ឋាភិបាល ងើបមួយនឹងវ៉ៃមួយ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ឥឡូវតើអ្នកឯងបង្កើតរឿងចង់ឱ្យអ្នកក្នុងស្រុកជាប់គុក? អ្នកឯងកុំគិត​ថា មិនហ៊ានធ្វើពួកអ្នកខាងក្នុង អ្នកឯងមានសិទ្ធិនិយាយនៅខាងក្រៅរួចខ្លួន ប៉ុន្តែអ្នកខាងក្នុងពាក់ព័ន្ធ គ្មានទេ ងើបមួយវ៉ៃមួយងើបពីរវ៉ៃពីរ»។

សម្តេចបានបន្តថា៖ «បើអ្នកឯងនិយាយអំពីរឿងបោះឆ្នោត អូខេអត់អីទេ ប៉ុន្តែអ្នកឯងចូលរួមនៅក្នុងព្រឹត្តិការណ៍ ​មានលក្ខណៈផ្តល់រំលំក្រៅពីប្រព័ន្ធប្រជាធិបតេយ្យ ក្រៅប្រព័ន្ធធម្មនុញ្ញ គឺទទួលបាននូវការផ្តន្ទាទោស​»

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ លោក សម រង្ស៉ី ដែលកំពុងរស់នៅនីរទេសខ្លួន ក្នុងប្រទេសបារាំង បានប្រកាសជាថ្មីអំពីផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ ខណៈដែលកម្ពុជា នឹងរៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន លោក សម រង្ស៉ី បានអំពាវដល់ ប្រជារាស្ត្រខ្មែរ និងកងកម្លាំងប្រដាប់អាវុធ ឱ្យផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា នៅឆ្នាំក្រោយ។

សម្តេចតេជោ ហ៊ុន សែន បានហៅ លោក សម រង្ស៉ី ថាជាជនក្បត់ជាតិ៣ជំនាន់។ សម្តេចបានបញ្ជាក់ដូច្នេះថា «កុំចាំបាច់បោកប្រាស់អីច្រើនពេក អាក្បត់៣ជំនាន់ និយាយអញ្ចឹងតែម្តងទៅ និយាយឱ្យអសុរសបន្តិចទៅ គឺជីតាក្បត់ជាមួួយព្រះមហាក្សត្រ ឪពុកក្បត់ជាមួយមហាក្សត្រ ឥឡូវអាមួយនេះក្បត់ជាមួយមហាក្សត្រទៀត ក្បត់៣ជំនាន់ អញ្ចឹងតើប្រជាពលរដ្ឋរបស់យើង ទទួលយកបានទេ ពូជក្បត់ជាតិនេះ?»

សម្តេចបានបន្តទៀតថា៖ «ក្នុងប្រវត្តិ៥០០ឆ្នាំមកនេះ អត់មាននរណាខូចដូចអាហ្នឹង អាហ្នឹងខូចពេកហ្មង ប្រវត្តិ៥០០ឆ្នាំខ្ញុំចង់និយាយថា រាប់តាំងពីខ្ញុំសិក្សាច្រើន ចាប់ពីពញ្ញាយ៉ាត កសាងក្រុងភ្នំពេញ ៥០០ឆ្នាំនេះអត់មាននរណាខូចជាងអាហ្នឹងទេ ​ហើយអត់មាននរណាខូចដូចពូជ​អាហ្នឹងទេ»

សម្តេចកបានស្តីបន្ទោសឱ្យ លោក សម រង្ស៉ី ក្នុងនាមមេដឹកនាំក្រុមប្រឆាំង បែរជាមិនគិតជំរុញប្រជាធិបតេយ្យរបស់កម្ពុជាឱ្យដើរទៅមុននោះទេ គិតតែផ្តួលរំលំ។ សម្តេចថ្លែងថា ​«មិនគិតពីរុញដំណើរការប្រជាធិបតេយ្យ ​តាមរយៈការបោះឆ្នោត គិតពីប្រមូលមនុស្សឱ្យផ្តួលរំលំហ៊ុន សែន ឱ្យបាននៅឆ្នាំ២០២៣​ ​ហើយឱ្យកម្លាំងប្រដាប់អាវុធងើបឡើងថែមទៀត អាហ្នឹងហើយជារឿងជាប់គុកច្រវាក់ ឥឡូវអ្នកចូលរួមចេញមុខមក នរណាចូលរួមខ្លះ ចេញមកសូមបញ្ជាក់ថា ងើបមួយវ៉ៃមួយ អាធុនហ្នឹងប៉ុន្តែបើអ្នកឯងធ្វើបក្ស ដើរចូលបក្ស សូមអញ្ជើញទៅ»