(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានហៅ លោក សម រង្ស៉ី មេដឹកនាំក្រុមប្រឆាំងថាជា «ពូជក្បត់ជាតិ៣ជំនាន់» គ្រាដែលមេក្រុមប្រឆាំង បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលជាថ្មីម្តងទៀត។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ឯងដៀលពូជអញ “ត្រកូលហ៊ុន” អញក៏ដៀលពូជឯងដែរ គឺពូជអាក្បត់ជាតិ៣ជំនាន់ និយាយអញ្ចឹងតែម្តង»។
សម្តេចបានបញ្ជាក់បន្ថែមថា៖ «កុំចាំបាច់បោកប្រាស់អីច្រើនពេក អាក្បត់៣ជំនាន់ និយាយអញ្ចឹងតែម្តងទៅ និយាយឱ្យអសុរសបន្តិចទៅ គឺជីតាក្បត់ជាមួួយព្រះមហាក្សត្រ ឪពុកក្បត់ជាមួយមហាក្សត្រ ឥឡូវអាមួយនេះក្បត់ជាមួយមហាក្សត្រទៀត ក្បត់៣ជំនាន់ អញ្ចឹងតើប្រជាពលរដ្ឋរបស់យើង ទទួលយកបានទេ ពូជក្បត់ជាតិនេះ?»។
លោក សម រង្ស៉ី គឺជាកូនរបស់ លោក សម សារី ដែលជាជនក្បត់ជាតិ និងត្រូវបានគេដឹងថាជាឧបករណ៍នយោបាយរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ប្រមុខរដ្ឋនៃសម័យសង្គមរាស្ត្រនិយម។ លោក រង្ស៉ី ធ្លាប់ប្រមាថអង្គព្រះមហាក្សត្រជាច្រើនលើក និងត្រូវបានកាត់ទោសជាបន្តបន្ទាប់។ បន្ទាប់ពីនីរទេសខ្លួនឯងទៅកាន់ប្រទេសបារាំង គេចេញពីការអនុវត្តទោស លោក សម រង្ស៉ី បានប្រកាសជាម្តងហើយម្តងទៀត ក្នុងការវិលត្រឡប់មកផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការអំពាវនាវឱ្យកងកម្លាងប្រដាប់អាវុធ បង្វែរកាណុងកាំភ្លើងតម្រង់ទៅរាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ក្នុងប្រវត្តិសាស្ត្រកម្ពុជា ៥០០ឆ្នាំមកនេះ មិនដែលមាននរណាខូចដូច លោក សម រង្ស៉ី នោះទេ។
សម្តេចថ្លែងថា «ក្នុងប្រវត្តិ៥០០ឆ្នាំមកនេះ អត់មាននរណាខូចដូចអាហ្នឹង អាហ្នឹងខូចពេកហ្មង ប្រវត្តិ៥០០ឆ្នាំខ្ញុំចង់និយាយថា រាប់តាំងពីខ្ញុំសិក្សាច្រើន ចាប់ពីពញ្ញាយ៉ាត កសាងក្រុងភ្នំពេញ ៥០០ឆ្នាំនេះអត់មាននរណាខូចជាងអាហ្នឹងទេ ហើយអត់មាននរណាខូចដូចពូជ អាហ្នឹងទេ»៕