រដ្ឋមន្ត្រីការងារជំរុញការលើកកម្ពស់សុវត្ថិភាព និងសុខភាពនៅតាមរោងចក្រសហគ្រាសធុនតូច និងមធ្យម


ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យមានការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារនៅតាមរោងចក្រសហគ្រាសធុនតូចនិងមធ្យម។

ឯកឧត្តមថ្លែងបែបនេះនាឱកាសបើកសិក្ខាសាលាការចងក្រងឯកសារនៃឧត្តមានុវត្តន៍ស្តីពីសុវត្ថិភាព និងសុខភាពការងារក្នុងសហគ្រាសធុនតូចនិងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២២ រៀបចំដោយនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមការគាំទ្រផ្នែកបច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ ធ្វើនៅសណ្ឋាគារ Empress Angkor ខេត្តសៀមរាប ដែលមានការចូលរួមពីដៃគូជាតិ អន្តរជាតិ ពិសេសគឺនៅក្នុងតំបន់អាស៊ានជាច្រើនស្ថាប័ន។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធបានដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពធន់ខ្ពស់ចំពោះផលប៉ះពាល់ពីកត្តាខាងក្រៅ។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដោយបានខិតខំអនុវត្តគោលនយោបាយចំពោះសហគ្រាសធុនតូចនិងមធ្យម និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមមាន៖

*ទី១. លើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលមានគំនិតច្នៃប្រឌិតសហគ្រិនភាព បង្កើតមុខរបរការងារធ្វើ ដោះស្រាយបាននូវជីវភាពគ្រួសារ រួមចំណែកក្នុងការពង្រឹងស្ថិរភាពសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រ។

*ទី២. លើកទឹកចិត្ត និងផ្តល់កិច្ចគាំពារនានា ដូចជាការផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការទទួលស្គាល់សមត្ថភាពជំនាញតាមប្រព័ន្ធតេស្តសមត្ថភាព ការជួយរកការងារឱ្យធ្វើ ឬការបង្កើតមុខរបរ ការចូលរួមក្នុងរបបប្រាក់សោធននិវត្តន៍ និងការទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីនៅពេលសម្រាលកូន។

*ទី៣. ជួយគាំទ្រដល់ការអភិវឌ្ឍមុខរបរ និងការងារ តាមរយៈគោលនយោបាយពន្ធដារ ការចុះបញ្ជី ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ស្របតាមច្បាប់។

*ទី៤. ជួយសម្រួលដល់បរិយាកាសនៃការធ្វើអាជីវកម្ម ការប្រកបរបររកស៊ីរបស់សហគ្រិន និងកម្មករ និយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

*ទី៥. លើកទឹកចិត្តចូលរួមសកម្មភាពសង្គម សកម្មភាពមនុស្សធម៌។

ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង បានចាត់ទុកការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារនៅតាមបណ្តារោងចក្រ សហគ្រាសធុនតូចនិងមធ្យម ជាសសរស្តម្ភយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន។ យោងតាមស្ថិតិរបស់អង្គការអន្តរជាតិខាងការងារ សហគ្រាសធុនតូចនិងមធ្យម (SMEs) មានភាគច្រើនបំផុតនៅលើពិភពលោក។ ជាក់ស្តែងនៅក្នុងតំបន់អាស៊ាន សហគ្រាសធុនតូចនិងមធ្យមមាន៩៧%-៩៩% នៃសហគ្រាសសរុបក្នុងតំបន់ និងបានប្រើប្រាស់ប្រមាណ៦០%-៨០%នៃកម្លាំងពលកម្មសរុប ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញថាសហគ្រាសទាំងនេះគឺជាសសរស្តម្ភដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជាប្រភពនៃការផ្តល់ការងារដល់កម្លាំងពលកម្មនៃបណ្តារដ្ឋជាសមាជិកអាស៊ាន៕