(ភ្នំពេញ)៖ ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យកម្ពុជា មានវឌ្ឍនភាព និងការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ព្រមជាមួយនឹងកាលានុវត្តភាពនៃការលើកស្ទួយ និងអភិវឌ្ឍន៍វិស័យកីឡាគ្រប់ប្រភេទ ដោយក្នុងនោះវិស័យកីឡាប៊ូល និងប៉េតង់ បាននឹងកំពុងវិវត្តខ្លួន ជាកីឡាមួយដែលមានសក្ដានុពល និងលេចធ្លោជាងគេរបស់កម្ពុជា ជាមួយនឹងការកសាងបាននូវធនធានកីឡាករ កីឡាការិនី ព្រមទាំងធនធានមនុស្សឆ្នើមៗជាច្រើនរូប ដែលពួកគាត់បានសម្រេចនូវជោគជ័យ និងកសាងស្នាដៃ ជាច្រើនក្នុងវិស័យកីឡាប៊ូល និងប៉េតង់កម្ពុជាទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតអន្តរជាតិ។
ការបញ្ជាក់បែបនេះរបស់ឯកឧត្តម សុខ សូកាន បានធ្វើឡើងក្នុងឱកាសលោក បានអញ្ជើញជាអធិបតីក្នុងពិធីបិការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ដែលរៀបចំដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ហើយមានការចូលរួមពីប្រតិភូ កីឡាករ កីឡាការិនី គ្រូបង្វឹកចំនួន ១២៧នាក់ មកពីសមាគម ក្លិប ចំនួន១៧ (ក្លិប ចំនួន៧) មកពី៥តំបន់ និង៤ស្ថាប័ន នៅទូទាំងប្រទេសេ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ។
ឯកឧត្តម សុខ សូកាន បានលើកឡើងថា ព្រឹត្តិការណ៍ដែលយើងទាំងអស់គ្នាអាចមានវត្តមាននៅទីនេះ និងអាចដំណើរការរៀបចំការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២នេះ បានគឺដោយសារបច្ច័យ និងគុណតម្លៃដ៏វិសេសវិសាលមិនអាចកាត់ថ្លៃបាននៃកត្តាសន្តិភាព ដែលបានកសាងឡើងក្រោមអគ្គមគ្គុទ្ទេសក៍ដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន។
ឯកឧត្តម បានបន្តថា ក្នុងន័យនេះ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានរៀបចំនូវការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ នេះឡើងក្នុងគោលបំណងបន្តលើកស្ទួយវិស័យកីឡាប៊ូល និងប៉េតង់កម្ពុជា ឱ្យរឹតតែល្អប្រសើរ តាមរយៈការបន្តអភិវឌ្ឍនូវគុណវុឌ្ឍ កីឡាករ កីឡាការិនី ដែលមានសមត្ថភាព ដោយចម្រាញ់យកធនធានដែលមានសក្ដានុពល ដើម្បីជ្រើសរើស ចូលរួមក្នុងការ ប្រកួតប្រជែង ព្រមទាំងបន្តដុសខាត់សមត្ថភាពដើម្បីត្រៀមលក្ខណសម្បត្តិទទួលជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខ។
ជាមួយគ្នានេះ ឯកឧត្តម សុខ សូកាន បានបន្ថែមថាការប្រកួតនេះក៏នឹងចូលរួមជំរុញទំនាក់ទំនងល្អ រវាងសម្ព័ន្ធ-ក្លិប ព្រមទាំងជាវេទិកាសម្រាប់សហព័ន្ធសម្លឹងមើលកីឡាករ កីឡាការិនីដែលមានសក្តានុពល និងឧបនិស្ស័យ លើផ្នែកកីឡាប៊ូល និងប៉េតង់ អាចចូលរួមប្រមូលផ្តុំជាក្រុមដើម្បីចូលរួមប្រកួតជម្រើសជាតិនាឆ្នាំបន្តបន្ទាប់។
ឯកឧត្តម សុខ សូកាន ក៏បានសម្ដែងនូវសេចក្ដីរីករាយនិងអបអរសាទរយ៉ាងក្លៀវក្លាជូនចំពោះបងប្អូនកីឡាករ កីឡាការិនី គ្រូបង្វឹក និងថ្នាក់ដឹកនាំសម្ព័ន្ធ-ក្លិបទាំងអស់ ដែលបានចូលរួមក្នុងការប្រកួតប្រជែងនេះ ហើយលោកជឿជាក់ថាបើទោះបីជាលទ្ធផលទទួលបានបែបណាក៏ដោយ ក៏បងប្អូននៅតែមានស្នាមញញឹម និងសាទរពិសេសបន្តខិតខំហ្វឹកហាត់និងដុសខាត់សមត្ថភាពឱ្យរឹតតែខ្លាំងមួយកម្រិតថែម ទៀត។
ឯកឧត្តម សុខ សូកាន បានផ្ដល់អនុសាសន៍៣ចំណុចដូចខាងក្រោម៖
*ទី១៖ សូមប្រកាន់ខ្ជាប់នូវស្មារតីកីឡា ដោយមិនត្រូវមានភាពរើសអើងចំពោះកីឡាករ កីឡាការិនី ណាមួយក៏ដោយ បើទោះបីជាបានទទួលជ័យលាភី ឬពុំទទួលបានជ័យលាភីក្ដី។ យើងត្រូវផ្តល់ការសាទរ និងកោតសរសើរចំពោះអ្នកទទួលបានជ័យលាភីប្រកបដោយស្មារតីសាមគ្គីភាពរឹងមាំក្នុងនាមជាគ្រួសារកីឡាប៊ូល និងប៉េតង់កម្ពុជា។
*ទី២៖ ចំពោះ អ្នកដែលពុំទទួលបានជ័យលាភី នោះ គឺពុំត្រូវអស់សង្ឃឹមនិងបាក់ទឹកចិត្តនោះទេ។ សូមស្វែងយល់ពីចំណុចខ្វះខាតរៀនដកស្រង់នូវបទពិសោធន៍និងបច្ចេកទេសដែលទទួលបានមកពីការប្រកួត ត្រូវចេះ អត់ធ្មត់តស៊ូនិងខិតខំប្រឹងប្រែង បន្ថែមទៀតក្នុងការអភិវឌ្ឍ និងសម្រួចសមត្ថភាព លើទីលានហ្វឹកហាត់ និង ទីលានប្រកួតនាឱកា ស ក្រោយ ៗទៀត ដើម្បី សម្រេចគោលដៅឈានឆ្ពោះទៅជាកីឡាករ កីឡាការិនីអាជីព។
*ទី៣៖ តាមរយៈលទ្ធផលនៃការប្រកួតប្រជែង លោក សុខ សូកាន បានលើកទឹកចិត្តដល់បងប្អូនកីឡាករ កីឡាការិនី ឱ្យបន្តចូលរួមការប្រកួតនានា ដើម្បីជាការវាស់ស្ទង់កម្រិត សមត្ថភាព ព្រមទាំងដកស្រង់បទពិសោធពីដៃគូប្រកួតរបស់ខ្លួន ហើយពង្រឹងការហ្វឹកហាត់ប្រកបដោយគុណភាព គុណផល និងបច្ចេកទេស។
ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា នៅខែវិច្ឆិកា ខាងមុខនេះនឹងមានការប្រកួតកីឡាជាតិ ហើយខែធ្នូខាងមុខនេះ នឹងមានការប្រកួត ពានគរុគុណ និងខួប៣០ឆ្នាំ នៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម សុខ សូកាន បានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាឯកឧត្តម ស សុខា ប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលតែងតែបានសម្របសម្រួល និងផ្តល់ការគាំទ្រទាំងធនធានថវិកានិងបច្ចេកទេស ដើម្បីជំរុញឱ្យដំណើរការរៀបចំការប្រកួតនេះ ក៏ដូចជាការប្រកួតផ្សេងៗទៀត អាចប្រព្រឹត្តទៅបានដោយរលូន និងអធិកអធម។
សូមជមម្រាបថា ក្រោយពីការប្រកួតជម្រុះ២ថ្ងៃកន្លងមក មានកីឡាករ កីឡាការិនីចំនួន៨នាក់ បានចូលប្រកួតដល់វគ្គផ្ដាច់ព្រាត់លើ៤វិញ្ញាសា។ លទ្ធផលនៅក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់ជ័យលាភីនៃវិញ្ញាសានីមួយៗរួមមាន៖
*វិញ្ញាសាបុរស(១ទល់១)៖ ចំណាត់ថ្នាក់លេខ១ បានទៅលើសម្ព័ន្ធកីឡាប៊ូល និងប៉េតង់ កងយុទ្ធពលខេមរភូមិន្ទ ក្រសួងការពារជាតិ។
*វិញ្ញាសានារី(១ទល់១)៖ ចំណាត់ថ្នាក់លេខ១ បានទៅលើក្លិប កីឡាប៊ូលនិងប៉េតង់ក្រសួងមហាផ្ទៃ។
*វិញ្ញាសាយុវជនក្រោម១៨ឆ្នាំ(១ទល់១)៖ ចំណាត់ថ្នាក់លេខ១ បានទៅលើសម្ព័ន្ធកីឡាប៊ូល និងប៉េតង់ កងយុទ្ធពលខេមរភូមិន្ទ ក្រសួងការពារជាតិ។
*វិញ្ញាសាយុវនារីក្រោម១៨ឆ្នាំ(១ទល់១)៖ ចំណាត់ថ្នាក់លេខ១ បានទៅលើសម្ព័ន្ធកីឡាប៊ូល និងប៉េតង់ សម្ដេចវិបុលបញ្ញា សុខ អាន ខេត្តតាកែវ។
*វិញ្ញាសាចម្រុះបុរស នារី (២ទល់២)៖ ចំណាត់ថ្នាក់លេខ១ បានទៅលើក្លិបកីឡាប៊ូល និងប៉េតង់ ទីស្ដីការគណៈរដ្ឋមន្ត្រី៕