ប្រជាពលរដ្ឋមានជីវភាពខ្វះខាត៥០០គ្រួសារ នៅក្នុងក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ទទួលអំណោយមនុស្សធ៌មពីសមាគមសាសនាចក្រព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធនៃថ្ងៃចុងក្រោយ


(កំពង់ធំ)៖ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយរបស់សមាគមសាសនាចក្រព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធនៃថ្ងៃចុងក្រោយប្រចាំកម្ពុជា តាមរយៈលោក តាន់ តែគ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត នាំមកចែកជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន៥០០គ្រួសារ នៅក្នុងក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នៅក្នងពិធីអំណោយនោះលោក សៀ សំណាង ប្រធានសមាគមសាសនាចក្រព្រះយេស៊ូគ្រីស្ទ បានសម្ដែងការសប្បាយចិត្ត និងថ្លែងអំណគុណសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ ដល់ការជួយសង្គ្រោះអាយុជីវិត និងជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជា បានចុះដោយផ្ទាល់នៅទីកន្លែងដែលរងគ្រោះដោយបាន ចែកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារចាំបាច់បានទាន់ពេលវេលា ដោយមិនទុកអោយនរណាម្នាក់ស្លាប់ ដោយគ្មានស្បៀងឡើយ ។

ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់លោក សៀ សំណាង ប្រធានសមាគមសាសនាចក្រព្រះយេស៊ូគ្រីស្ទ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនាពេលនេះ ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនានោះឡើយ។

ឯកឧត្តមបន្តថា ការផ្ដល់ជូននូវអំណោយថ្ងៃនេះ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយ សម្រាលជីវភាពប្រជាពលរដ្ឋពីភាពលំបាកមួយគ្រា ហើយអំណោយថ្ងៃនេះផងដែរ ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋងាយគ្រោះ គ្រួសារមានជីវភាពខ្វះខាត និងគ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់។

ឯកឧត្តមបានក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នាអនុវត្តន៍ឱ្យខានតែបាន នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធានាបានសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តម ងួន រតនៈ បានណែនាំ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នកចង់ប្ដូរទីកន្លែងបោះឆ្នោត សូមអញ្ជើញទៅជួបគណៈកម្មការរៀបចំ ការចុះឈ្មោះបោះឆ្នោត នៅតាមបណ្ដាឃុំសង្កាត់ចាប់ពីថ្ងៃទី២០ ខែតុលា ខាងមុខនេះ ដើម្បីយើងមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន រក្សាសន្តិភាពជាបន្តទៀត។

គួរជម្រាបថា អំណោយដែលទទួលបានពីសមាគមសាសនាចក្រព្រះយេស៊ូគ្រឹស្ទនៃពួកបរិសុទ្ធនៃថ្ងៃចុងក្រោយសម្រាប់មួយគ្រួសាររួមមាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី១យូរ ទឹកស៊ីអីវ ១យួរ ត្រីខ១យួរ៕