សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនត្រឹមតែមិនលើកលែងទោសឱ្យជនក្បត់ជាតិ សម រង្ស៉ី នោះទេ ថែមទាំងដាក់ចេញចលនាកម្ចាត់ចោលនូវនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ៣ជំនាន់នេះ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ចេញនូវចលនាកម្ចាត់មនោគមន៍វិជ្ជានយោបាយរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ហើយអះអាងថា នឹងមិនចុះហត្ថលេខាស្នើលើកលែងទោសឱ្យទណ្ឌិត រូបនេះជាលើកទី៣នោះឡើយ។

ការប្រកាសរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច អញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ពោលគឺមួយថ្ងៃ បន្ទាប់ពីតុលាការបានកាត់ទោស លោក សម រង្ស៉ី ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ក្នុងសំណុំរឿងលួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជាចំនួន៤ខេត្ត ឱ្យទៅជនជាតិភាគតិចម៉ុងតាញ៉ាវៀតណាម។

ឆ្លើយនឹងសំណួរ ថាតើសម្តេចអាចទន់ចិត្តលើកលែងទោសឱ្យសម រង្ស៉ី ទៀតឬយ៉ាងណានោះ? សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អត់មានផ្លូវទេ ខ្ញុំធ្លាប់បានអនុគ្រោះឱ្យជនក្បត់ជាតិនេះ២ដងរួចទៅហើយ តែជនក្បត់ជាតិនេះ មិនត្រឹមតែមិនធ្វើការកែប្រែ ក៏ប៉ុន្តែពួកគេ នៅបន្តបំផ្លិចបំផ្លាញកម្ពុជា ដូច្នេះខ្ញុំមិនត្រឹមតែមិនលើកដៃចុះហត្ថលេខាលើកលែងទោសឱ្យជនក្បត់តែប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំកំពុងតែបំផុសចលនា ដើម្បីនឹងកម្ចាត់ចោលនូវមនោគមន៍វិជ្ជាជ្រុលនិយមនៃជនក្បត់៣ជំនាន់»។

សម្តេចបានបន្តថា ដើម្បីរក្សានូវសន្តិភាពបាន ប្រទេសកម្ពុជា ត្រូវតែកម្ចាត់ចោលនូវនយោបាយជ្រុលនិយម។ សម្តេចក៏បានលើកឧទាហរណ៍អំពីនយោបាយនៅប្រទេសបារាំង ដែលរដ្ឋាភិបាល និងប្រជាជន ព្យាយាមកម្ចាត់នយោបាយជ្រុលនិយមរបស់ពួកឡឺប៉ែនផងដែរ។

សម្តេចបានបញ្ជាក់បន្តថា៖ «កម្ពុជាដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែង ចាំបាច់ត្រូវបំផ្លាញចោលនូវមនោគមន៍វិជ្ជាជ្រុលនិយម កម្ចាត់ចោលតែម្តង អញ្ចឹងខ្ញុំអាចសន្មត់បានថា មនុស្សនេះចោលឆ្អឹងក្រៅស្រុក សូមកុំសង្ឃឹម»

សម្តេចបានរំលឹកអំពីក្តីមេត្តាចំពោះមេដឹកនាំខ្មែរក្រហម ដែលមានការច្បាំងគ្នាសឹងពាក់កណ្តាលជីវិតដែលទីបំផុត សម្តេចនៅតែអាចទទួលពួកគាត់ឱ្យពិសារបាយនៅផ្ទះសម្តេចបាន ប៉ុន្តែសម្រាប់ សម រង្ស៉ី សម្តេចមិនអាចបន្តក្តីមេត្តាទៀតបានទេ ហើយសម្តេចនឹងធ្វើចលនាកម្ចាត់ ដូចដែលសម្តេចបានធ្វើចលនានយោបាយរំលាយចោលនូវអង្គការចាត់តាំង និងយោធាខ្មែរក្រហមដែលជោគជ័យរួចទៅហើយ។

សម្តេចបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលយល់ខុសអំពីជនក្បត់ជាតិ សម រង្ស៉ី​ ត្រូវចាប់ផ្តើមងាកចេញពីជនក្បត់ជាតិនេះ ហើយបន្តយន្តការផ្លូវច្បាប់។ ដោយឡែកបក្សនយោបាយណា ដែលផ្សារភ្ជាប់នឹងជនក្បត់ជាតិនេះ ក៏ត្រូវតែប្តឹងទៅតុលាការ ដើម្បីរំលាយចោលផងដែរ ដែលករណីនេះមានការកំណត់នៅក្នុងច្បាប់បោះឆ្នោតរបស់កម្ពុជាផងដែរ។

សម្តេចបានបញ្ជាក់បន្ថែមថា ទណ្ឌិត សម រង្ស៉ី មានទោសជាច្រើនករណី ដែលគ្រប់គ្រាន់នឹងមិនលើកលែងទោសឱ្យបាន ដោយសម្តេចបានបញ្ជាក់ជាថ្មីដូច្នេះថា៖ «ខ្ញុំបាននិយាយហើយថា បើខ្ញុំចុះហត្ថលេខា(លើកលែងទោស)ឱ្យទៀត ខ្ញុំកាត់ដៃខ្ញុំក្រវាត់ចោល តើខ្ញុំសុខចិត្តទេ គឺខ្ញុំមិនសុខចិត្តទេ»

សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍នូវអ្វីដែលលោក សម រង្ស៉ី ប្រកាសផ្តួលរំលំ ដោយបញ្ជាក់ថា នឹងកំដរលេងដល់ទីបញ្ចប់។ សម្តេចបានព្រមានថា នរណាក៏ដោយដែលពាក់ព័ន្ធនឹងទណ្ឌិតនេះ នឹងទទួលបាបកម្ម។ សម្តេចជំរុញឱ្យពួកគេដកខ្លួនឱ្យឆ្ងាយពីទណ្ឌិត សម រង្ស៉ី។

សម្តេចបានបញ្ជាក់ទៀតថា កន្លងទៅសម្តេចបានប្រើយុទ្ធសាស្រ្តឌីហ្វីត ដែលមាន ៥អក្ស (DIFID) ចំណែកលើកនេះ គឺសម្តេចប្រើយុទ្ធសាស្ត្រ ២អក្សទេ នោះគឺ isolated ហើយ Finish តែម្តង។

សម្តេចអះអាងថា សម្តេចនឹងទៅតាមបណ្តាខេត្ត ដើម្បីរៀបចំកម្ចាត់អង្គការចាត់តាំង ដែលបង្កើតឡើងដោយ ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ផងដែរ។ សម្តេចស្នើឱ្យសហគមន៍អន្តរជាតិ ស្តាប់នូវអ្វីដែលជាសេចក្តីថ្លែងការណ៍របស់ សម រង្ស៉ី និងទង្វើរបស់គេ កាលពីពេលថ្មីៗនេះ ខណៈដែលកម្ពុជាមានព្រះមហាក្សត្រ រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាលស្របច្បា់ប ដែលកើតចេញពីការបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ខណៈដែលកម្ពុជា កំពុងរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ បែរជាទណ្ឌិតរូបនេះចង់បង្កើតហិង្សា ផ្តួលរំលំក្រៅការបោះឆ្នោត​ ប្រាសចាកពីលទ្ធិប្រជាធិបតេយ្យ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ទណ្ឌិត សម រង្ស៉ី ដែលរត់គេចពីការតាមចាប់ខ្លួនរបស់តុលាការកម្ពុជា បានប្រកាស អំពីផែនការថ្មីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឆ្នាំ២០២៣ ខាងមុខនេះ គ្រាដែលកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ហើយថែមទាំងបានញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ប្រឆាំងរាជរដ្ឋាភិបាល។

សម្តេចអះអាងថា រាជរដ្ឋាភិបាលមិនមានការភ័យខ្លាចចំពោះការប្រយុទ្ធតទៅាមួយនឹងការប៉ុនប៉ងផ្តួលរំលំរបស់ សម រង្ស៉ី នោះទេ ប្រសិនបើប្រហិង្សាមែននោះ ប៉ុន្តែសម្តេចស្តាយស្រណោះចំពោះសាច់ឈាមប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់រងគ្រោះដោយសារសង្គ្រាម។

សម្តេចបានបញ្ជាក់ថា៖ «យើងស្តាយសាច់ឈាមមនុស្ស យើងមិនចង់ប្រើប្រាស់កម្លាំងទេ ក៏ប៉ុន្តែបើអ្នកឯងមានកម្លាំង សូមអញ្ជើញ យើងគ្មានជម្រើសក្រៅពីការការពារជាតិ ការពាររាជានិយម ការពាររាជបល្ល័ង្ក ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល យើងគ្មានជម្រើសទេ អញ្ចឹងសូមបញ្ជាក់ទៅ គ្មានផ្លូវសម្រាប់អ្នកឯងដើរតទៅទៀតទេ ហើយអ្នកដែលគាំទ្រត្រៀមឱ្យអ្នកហ្នឹងចូល ប្រសិនបើយើងរកឃើញ ត្រូវតែដោះស្រាយ ដូចខ្ញុំបានបញ្ជាក់អញ្ចឹង “ងើបមួយវ៉ៃមួយ ងើបពីរវ៉ៃពីរ” នេះគឺជារឿងច្បាស់លាស់របស់យើង»