ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល៥០ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។
ការិយាល័យចុះឈ្មោះបោះឆ្នោតបើកធ្វើការជារៀងរាល់ថ្ងៃ ទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ៖
* ពេលព្រឹកចាប់ពីម៉ោង ៧៖០០ នាទីព្រឹក ដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់
* ពេលរសៀលចាប់ពីម៉ោង២៖០០ នាទីរសៀល ដល់ម៉ោង៥៖៣០នាទីល្ងាច។
ដើម្បីចុះឈ្មោះបោះឆ្នោត នៅក្នុងការិយាល័យណាមួយក្នុងឃុំ សង្កាត់ប្រជាពលរដ្ឋទាំងពីរភេទ ត្រូវបំពេញនូវលក្ខខណ្ឌ ដូចខាងក្រោម ៖
* បង្ហាញខ្លួននៅចំពោះមុខក្រុមចុះឈ្មោះបោះឆ្នោត នៅការិយាល័យ ចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនត្រូវចុះឈ្មោះបោះឆ្នោត
* មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើ ឲ្យការចុះឈ្មោះបោះឆ្នោត
* មានសញ្ជាតិខ្មែរ
* មានអាយុ ១៨ ឆ្នាំឡើង (កើតមុន ឬកើតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥)
* មានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់ដែលសាមីខ្លួនត្រូវចុះឈ្មោះបោះឆ្នោត ឬត្រូវបោះឆ្នោត
* មិនទាន់បានចុះឈ្មោះ ឬបានចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ផ្សេងណាមួយរួចហើយ ឬមិនទាន់បានចុះឈ្មោះនៅកន្លែងណាមួយក្នុងឃុំ សង្កាត់៕