សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជន ផ្តល់ថវិកាសរុប ១លាន៥៦ម៉ឺនដុល្លារ សម្រាប់សង់វត្តនៅរុនតាឯក


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសប្បុរសជន បានចូលរួមផ្ដល់ថវិកាសរុប ចំនួន១លាន៥៦ម៉ឺនដុល្លារ គិតត្រឹមថ្ងៃទី២១ ខែតុលា​ ឆ្នាំ២០២២នេះ សម្រាប់សាងសង់វត្ដ នៅតំបន់អភិវឌ្ឍន៍រុនតាឯក ខេត្តសៀមរាប។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលលើកទី៣ ជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ថវិកាសម្រាប់សង់វត្ត នៅតំបន់អភិវឌ្ឍន៍រុនតាឯក សរុបចំនួន១លាន៥៦ម៉ឺនដុល្លារ»

បញ្ជីឈ្មោះសប្បុរសជន និងក្រុមហ៊ុន ដែលបានចូលរួមថវិកា សម្រាប់សាងសង់វត្ដ នៅតំបន់អភិវឌ្ឍន៍រុនតាឯក ខេត្តសៀមរាប៖

ទី១៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន១០ម៉ឺនដុល្លារ
ទី២៖ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង ចំនួន១០ម៉ឺនដុល្លារ
ទី៣៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចំនួន​២០ម៉ឺនដុល្លារ
ទី៤៖ អ្នកឧកញ៉ា ឃុន សៀ ចំនួន៣០ម៉ឺនដុល្លារ
ទី៥៖ ក្រុមហ៊ុន ជីបម៉ុង ចំនួន២០ម៉ឺនដុល្លារ
ទី៦៖ អ្នកឧកញ៉ា គិត ម៉េង ចំនួន២០ម៉ឺនដុល្លារ
ទី៧៖ អ្នកឧកញ៉ា ថៃ ជាហួត ចំនួន១០ម៉ឺនដុល្លារ
ទី៨៖ លោកឧកញ៉ា ឡាយ ប៊ុនប៉ា ចំនួន១០ម៉ឺនដុល្លារ
ទី៩៖ លោកឧកញ៉ា លី ឃុនថៃ ចំនួន៥ម៉ឺនដុល្លារ
ទី១០៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធាណការ និងដឹកជញ្ជូន ចំនួន១ម៉ឺនដុល្លារ
ទី១១៖ ក្រុមហ៊ុន ដែលខម (Delcom) ចំនួន៥ម៉ឺនដុល្លារ
ទី១២៖ ក្រុមហ៊ុន ស៊ិនសាន ចំនួន៥ម៉ឺនដុល្លារ
ទី១៣៖ លោកឧកញ៉ា ពៅ អ៊ីសាន និងលោកឧកញ៉ា ពៅ សាពីន ចំនួន៥ម៉ឺនដុល្លារ
ទី១៤៖ ក្រុមហ៊ុនខ្សាច់សរ ចំនួន៥ម៉ឺនដុល្លារ

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រការរៀបចំរបស់រាជរដ្ឋាភិបាល​ ហើយស្ម័គ្រចិត្តរើចេញពីតំបន់អង្គរ និងថ្លែងអំណរគុណឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងអ្នកពាក់ព័ន្ធទាំងអស់ ដែលធ្វើឲ្យមានវឌ្ឍនភាពលើហេដ្ឋរចនាសម្ព័ន្ធនានាផងដែរ៕