សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជូនអង្ករ ចំនួន២០០តោន និងថវិកាចំនួន១៥ម៉ឺនដុល្លារ ទៅកាន់ខេត្តកំពង់ធំ ដែលបានមកពីការរួមចំណែករបស់សប្បុរសជន ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។
សម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្នកំពុងស្ថិតនៅខេត្តសៀមរាប បាននិងកំពុងតែត្រៀមដើម្បីចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ និងចែកនូវស្បៀងសង្គ្រោះបន្ទាន់ ព្រមជាមួយពូជស្រូវ នៅខេត្តសៀមរាប បន្ទាយមានជ័យ និងបាត់ដំបង ដើម្បីប្រជាពលរដ្ឋប្រើប្រាស់ក្នុងការស្ដារឡើងវិញនូវដំណាំរបស់ខ្លួនដែលរងនូវផលប៉ះពាល់ផងដែរ។
គួរជម្រាបថា សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ១០ម៉ឺនគ្រួសារ មានអ្នកដែលទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់ ប្រមាណ១៨ភាគរយ ស្មើនឹង ប្រមាណជិត២ម៉ឺនគ្រួសារ ដែលនឹងត្រូវទទួលបានការអន្ដរាគមន៍។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវឲ្យបន្ដការយកចិត្ដទុកដាក់ តាមរយៈយុទ្ធការក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន, ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន, កាកបាទក្រហមកម្ពុជា និងសប្បុរសជន ជួយដល់បញ្ហាស្បៀង នៅទីកន្លែងដែលមានការខូចខាតធ្ងន់ និងអ្នកទីទ័លផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យសិក្សាស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយផ្តល់ការឧបត្ថម្ភរយៈពេល៣ខែ ដែលអាចចំណាយជាង២លានដុល្លារ៕