តំណាងសិទ្ធិមនុស្សកម្ពុជា ចូលរួមដឹកនាំកិច្ចសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ស្តីពីគោលនយោបាយសិទ្ធិមនុស្សលើកទី៤ ជាមួយអាយឆា-ឥណ្ឌូណេស៊ី និងសហភាពអឺរ៉ុប


ឯកឧត្តម ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញជាតំណាង ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា AICHR) បានចូលរួមដឹកនាំកិច្ចសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ស្តីពីគោលនយោបាយសិទ្ធិមនុស្សលើកទី៤ ជាមួយអាយឆា-ឥណ្ឌូណេស៊ី និងសហភាពអឺរ៉ុប ដែលជាសហប្រធាន។

កិច្ចពិគ្រោះយោបល់នេះ ធ្វើឡើយរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីប្រតិភូអាស៊ាន ប្រតិភូសហភាពអឺរ៉ុប សង្គមស៊ីវិល និងស្ថាប័នសិទ្ធិមនុស្សជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសហភាពអឺរ៉ុប លើវិស័យសិទ្ធិមនុស្ស នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

នៅក្នុងកិច្ចសន្ទនានេះ ឯកឧត្តម ជិន ម៉ាលីន បានថ្លែងសុន្ទរកថាបើក ធ្វើជាវាគ្មិន ដឹកនាំនិងសម្របសម្រួលកិច្ចពិភាក្សា ពិគ្រោះយោបល់លើប្រធានបទនានា ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន និងអឺរ៉ុប រួមទាំងលទ្ធភាពនៃការធ្វើកិច្ចសបប្រតិតបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុប ក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងតំបន់ទាំងពីរ។

បន្ថែមលើនេះ ឯកឧត្តម ជិន ម៉ាលីន ក៏មានជំនួបទ្វេរភាគីជាមួយ លោក Eamon Gilmore តំណាងពិសេសរបស់សហភាពអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្ស ដោយបានពិភាក្សាអំពីទិដ្ឋភាពទូទៅ ស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជា និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងកម្ពុជា និងសហភាពអឺរ៉ុប៕