សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដល់ប្រទេសថៃដោយសុវត្ថិភាពដើម្បីចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០


នៅវេលាម៉ោង ៩:៣០នាទី ព្រឹកថ្ងៃពុធទី២៦ ខែតុលាឆ្នាំ២០២២នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដើម្បីអញ្ជើញចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ ដែលនឹងប្រារព្ធធ្វើឡើងពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។
នៅអាកាសយានដ្ឋានអន្តរជាតិដនមឿង សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាង កក់ក្តៅបំផុតពីសំណាក់ថ្នាក់ដឹកនាំសភាប្រទេសថៃ និងឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងសហការី។
តាមគម្រោងនៅរសៀលថ្ងៃនេះ សម្តេចប្រធានរដ្ឋសភាមានកម្មវិធីបន្តបន្ទាប់រួមមាន ពិភាក្សាការងារជាមួយប្រធានរដ្ឋសភាប្រទេសឡាវ ឯកឧត្តម សាយ សំភូន ភូមីវិហាន អនុញ្ញាតឯកឧត្តមអគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) ចូលជួបសម្តែងការគួរសម និងបន្ទាប់មកទៀត សម្តេចនឹង អញ្ជើញចូលរួមពិធីបើកជាផ្លូវការ កិច្ចប្រជុំប្រចំាឆ្នាំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ ផងដែរ៕