(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការ «សមាគមទំនាក់ទំនង និងគាំទ្រប្រជាជន» នៃប្រទេសទាំង២កម្ពុជា-ចិន ដោយមានការអញ្ជើញចូលរួមតំណាងស្ថានទូតចិន។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានចូលរួមអបអរសាទរ និងជូនពរចំពោះឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលត្រូវបានជាប់ឆ្នោតសារជាថ្មីម្តងទៀត ជាអគ្គលេខាធិការគណបក្ស កុម្មុយនីស្តចិន នៅក្នុងសមាជជាតិរបស់គណបក្សលើកទី២០ កាលពីពេលថ្មីៗនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានកោតសរសើរ និងអបអរសាទរចំពោះស្ថាបនិក ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកដែលបានរួមសហការគ្នាបង្កើតសមាគមនេះ ហើយភាគីមិត្តដែកថែបចិនតែងតែផ្តល់កិច្ច សហការគាំទ្រជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកបដោយស្មារតីមិត្តភាព ភាតរភាព និងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ចំពោះប្រទេសកម្ពុជាលើគ្រប់វិស័យ និងនិយាយដោយឡែកក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន។
ជាមួយគ្នានេះ ដើម្បីធានាដល់ប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងបេសកកម្មរបស់សមាគម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឺមយ៉ាន បានណែនាំនូវការងារចាំបាច់មួយចំនួនរួមមាន៖ ត្រូវគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីសុខសន្តិភាព ស្ថិរភាពនយោបាយ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន រក្សាសាមគ្គីភាព ត្រួតពិនិត្យ និងវាយតម្លៃនូវសកម្មភាពការងារអនុវត្ត និងទិសដៅដែលបានកំណត់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវដល់ស្ថានទូត ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងសប្បុរសជននានាបន្តជួយសហការ គាំទ្រដល់ដំណើរការនៃការអនុវត្តសកម្មភាពការងាររបស់សមាគមឱ្យបានកាន់តែរលូន និងប្រសិទ្ធិភាពខ្ពស់។
តាមរបាយការណ៍របស់លោក យៀ ឆាងឈីង បានឱ្យដឹងថា សមាគមបានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដោយមានគោលបំណងសំខាន់ គឺចូលរួមសហការចែករម្លែកនូវ វប្បធម៌ ទំនៀមទម្លាប់ប្រជាជនខ្មែរ និងបរទេស ផ្សព្វផ្សាយនិងលើកម្ពស់ការអនុវត្តច្បាប់ រួមនឹងការសហការកៀរគរ វិនិយោគបរទេស ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕