សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមពិធីបើកកិច្ចប្រជុំប្រចំាឆ្នាំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកដែលសភាប្រទេសថៃធ្វើជាម្ចាស់ផ្ទះ នៅរាត្រីថ្ងៃពុធទី២៦ ខែតុលាឆ្នាំ២០២២ នៅរដ្ឋសភាថៃនាទីក្រុងបាងកក ក្រោមអធិបតីភាព ឯកឧត្តម ឈួន លីកផៃ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ និងជាប្រធាន APPF លើកទី៣០។
វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានប្រារព្ធធ្វើឡើងក្រោមមូលបទ “សភា និងការស្តារឡើងវិញប្រកបដោយចីរភាពក្រោយវិបត្តិកូវីដ-១៩” ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលាឆ្នាំ២០២២។
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំជាផ្លូវការ ឯកឧត្តម ឈួន លីកផៃ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគ្រួសារ APPF និងបណ្តាប្រទេសជាមិត្ត រួមទំាងអង្គការជាដៃគូ អ្នកអង្កេតការណ៍ទំាងអស់ ដែលបានមកជួបជុំគ្នានាឱកាសនេះ ក្រោយពីជំងឺកូវីដ-១៩បានបានធូរស្រាល។
ឯកឧត្តមបានលើកឡើងថា ការជួបជុំនេះមានសារៈណាស់នៅក្នុងការពង្រីងកិច្ចសហប្រតបត្តិការពហុនិយម ដែលជាសំឡេងរបស់តំណាងពលរដ្ឋក្នុងការប្រយុទ្ធប្រឆំាង រាល់បញ្ហាតំបន់និងពិភពលោកកំពុងជួបប្រទះ ដូចជាការស្ការឡើងវិញនូវសង្គម និងសេដ្ឋកិច្ចក្រោយពីការរាតត្បាតជាសកលពីជំងឺកូវីដ-១៩ និងអំពើបញ្ហាប្រឈមផ្សេងៗដែលបានកំពុងកើតមានជាបន្តបន្ទាប់ក្នុងតំបន់ និងពិភពលោកយើងនេះ។
ឯកឧត្តមប្រធានAPPFលើកទី៣០ បានលើកឡើងថានៅក្នុងរយៈពេល៣០ឆ្នាំមកនេះ APPF បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញនូវវប្បធម៌សន្ទនា និងកិច្ចសហប្រតិបត្តិការដែលជាកត្តាសំខាន់ក្នុងការកសាងនិងអភិវឌ្ឍប្រកបដោយចីរភាព និងជាការចូលរួមដើម្បីធ្វើគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០សម្រេចតាមផែនការ។
សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ក្នុងតំបន់ ជាពិសេស ការថែរក្សា និងលើកកម្ពស់សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក។
មកដល់ពេលនេះវេទិកាសភាមួយនេះ មានសមាជិកចំនួន២៨ប្រទេស។ សភាកម្ពុជាបានចូលជាសមាជិក APPF នៅឆ្នាំ១៩៩៥ និងធ្លាប់បានធ្វើជាម្ចាស់កិច្ចប្រជុំ APPF លើកទី២៧ នៅខេត្តសៀមរាប កាលពីឆ្នាំ២០១៩។
ក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំ APPF លើកទី៣០នេះ សម្តេចអគ្គមហាពញាចក្រីហេង សំរិន នឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំគណៈកម្មការនយោបាយនិងសន្តិសុខ នារព្រឹក ថ្ងៃទី២៧ ខែតុលានេះ ផងដែរ៕