មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បង្ហាញគម្រោងអភិវឌ្ឍវិស័យថាមពលអ៉ីដ្រូសែនបៃតង និងការផលិតថង់ពីសារធាតុងាយរលាយជំនួសថង់ប្លាស្ទិក ក្នុងឱកាសខួប១០ឆ្នាំនៃការបង្កើតវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល


(សេអ៊ូ)៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជា បានរំលេចនូវគម្រោងមួយចំនួន រួមទាំងការអភិវឌ្ឍធនធានមនុស្សលើវិស័យថាមពលអ៉ីដ្រូសែនបៃតង ការអភិវឌ្ឍសហគមន៍គ្មានការបញ្ចេញកាបូន ការផលិតថង់ពីសារធាតុដែលងាយរលាយ (Biodegradable plastic) ជំនួសថង់ប្លាស្ទិក ដែលនៅកម្ពុជាសម្បូរនូវវត្ថុធាតុដើមស្រាប់ និងគម្រោងដទៃទៀត ដែលវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលអាចពិនិត្យ ពិចារណាចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍន៍បៃតងរបស់កម្ពុជា ក្នុងឱកាសអបអរខួបគម្រប់១០ឆ្នាំ នៃការបង្កើតវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល។

ការថ្លែងលើកឡើងបែបនេះ របស់ឯកឧត្តម អ៊ាង សុផល្លែត បានធ្វើឡើងក្នុងឱកាសឯកឧត្តមបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីនៃបណ្តាប្រទេសសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ដែលបានរៀបចំឡើងនាទីស្នាក់ការកណ្តាលវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។

កិច្ចប្រជុំដែលបានរៀបចំឡើងនារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ដោយបន្ទាប់ពីសុន្ទរកថាបើកកិច្ចប្រជុំរបស់ឯកឧត្តម បាន គីមូន ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល និងជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិរួចមកឯកឧត្តម អ៊ាង សុផល្លែត ដែលជាប្រធានប្រតិភូកម្ពុជា ហើយក៏ជាភ្ញៀវដែលត្រូវបានគេអញ្ជើញជាពិសេស ក្នុងចំណោមបណ្តាប្រទេសសមាជិក ដើម្បីឡើងថ្លែងសុន្ទរកថាពិសេសសម្រាប់អបអរខួបគម្រប់១០ឆ្នាំ នៃការបង្កើតវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលនេះផងដែរ។

នៅក្នុងសុន្ទរកថាពិសេសនេះឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា ក្នុងនាមជាប្រទេសស្ថាបនិកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល កម្ពុជាពិតជាមានមោទនភាពកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានកន្លងមក ហើយថ្លែងអំណរគុណ ចំពោះការចូលរួមរបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ក្នុងចូលរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបានរំលេចអំពីច្បាប់វិនិយោគថ្មី របស់កម្ពុជាដែលទើបធ្វើវិសោធនកម្មនៅឆ្នាំ២០២១ ដែលជំរុញលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា និងការវិនិយោគបៃតង។

សូមបញ្ជក់ផងដែរថា ប្រតិភូកម្ពុជាដែលដឹកនាំដោយឯកឧត្តម អ៊ាង សុផល្លែត រួមជាមួយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន សម្រាប់កម្មវិធីសប្តាហ៍អភិវឌ្ឍន៍បៃតងសកល ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បាន និងកំពុងចូលរួមព្រឹត្តិការណ៍អមនានា និងកិច្ចប្រជុំរួមមានទី១៖ កិច្ចប្រជុំពេញអង្គលើកទី១១ និងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១៥ នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល, ទី២៖ កិច្ចប្រជុំទ្វេភាគីជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល និងទី៣៖ ព្រឹត្តិការណ៍អមស្តីពី៖ «ដំណើរឆ្ពោះទៅកាន់ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ នៅក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា» ។ល៕