អភិបាលខេត្តកំពង់ធំ រៀបចំពូជស្រូវ និងស្បៀង ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង


(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទីតាំងចំនួន២កន្លែង ដែលសម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

*សម្រាប់ទីតាំងទី១ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះត្រួតពិនិត្យនៅស្តាតថ្មី ភូមិរូង ឃុំត្រពាំឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីរៀបចំពូជស្រូវ និងស្បៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ពូជស្រូវ និងស្បៀង ត្រៀមចែកជូនប្រជាពលរដ្ឋ ចំនួន ៦.៨៤៤គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នាពេលកន្លងមក ក្នុងខេត្តកំពង់ធំ។

*សម្រាប់ទីតាំងទី២ នៅភោជនីយដ្ឋាន ឡូវ គឹមសេង ស្ថិតនៅក្រុងស្ទឹងសែន ដែលសម្តេចតេជោ នឹងជួបសំណេះសំណាលជាមួយមន្ត្រីរាជការជុំវិញខេត្ត។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា «យើងឃើញសកម្មភាពរបស់ក្រុមការងារ មានកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការកំពុងតែមកមមាញឹកច្រកស្រូវពូជដើម្បីត្រៀមសម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋផងដែរ»