ក្រសួងសុខាភិបាល គ្រោងដាក់ឲ្យដំណើរការប្រព័ន្ធឌីជីថល តាមដានសុខភាពសម្រាប់ទារកទើបនឹងកើតរហូតដល់ធំ


(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា បច្ចុប្បន្ននេះ ក្រសួងកំពុងតែរៀបចំប្រព័ន្ធឌីជីថល តាមដានសុខភាពទារកទើបនឹងមានកំណើតមក រហូតដល់ធំ។

ការបង្កើតប្រព័ន្ធតាមដានសុខភាពទារកតាមបែបឌីជីថលនេះ នឹងចូលរួមចំណែកលើកកម្ពស់សុខភាពទារក និងកាត់បន្ថយអត្រាមរណភាពរបស់ទារក និងកុមារនៅកម្ពុជា។

ការថ្លែងដូច្នេះរបស់ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសន្និសីទអន្ដរជាតិ ស្ដីពី ការវិនិយោគលើការបណ្ដុះបណ្ដាលឆ្មប ដែលជាធនធានមនុស្សសុខាភិបាលស្នូល សម្រាប់ការថែទាំសុខភាពស្រ្ដី និងទារក នៅថ្ងៃទី២៧ ខែតុលា ឆ្នំ២០២២នេះ នាសណ្ឋាគារភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «យើងនឹងដាក់ដំណើរការប្រព័ន្ធតាមដានសុខភាពទារកតាមបែបឌីជីថល ដែលជាផ្នែកមួយដ៏មានសារៈសំខាន់ ដើម្បីបានដឹងលម្អិតពីស្ថានភាពសុខភាពទារក ទំងន់ ប្រវែង កម្ពស់ និងសុខភាពទូទៅទាំងអស់ចាប់ពីចាំកំណើតមក រហូតដល់ធំ។ ដោយឡែកយើងក៏បានធ្វើប្រព័ន្ធឌីជីថលនេះ ចំពោះមនុស្សធំ ដែលមកទទួលសេវានៅមន្ទីរពេទ្យយើងរួមមកហើយ»

ឯកឧត្តមសាស្ដ្រាចារ្យថ្លែងបន្ដថា «យើងនឹងរួមកម្លាំងជាមួយគ្នាបន្ដទៀត ដើម្បីកាត់បន្ថយអត្រាមរណភាពរបស់មាតា និងកុមារឱ្យកាន់តែច្រើន។ ដូច្នេះនៅក្នុងនោះ ឆ្មបបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមថែទាំសុខភាពមាតា​ និងទារក ព្រោះឆ្មបជាអ្នកដែលជួបមនុស្សដែលកើតមកមុនគេ ឆ្មបជាអ្នកដែលទទួលភារៈបង្កើត និងថែទាំ និងជាអ្នកប៉ះពាល់មុនគេបង្អស់ដល់មនុស្សទាំងអស់ ដែលមានសារៈសំខាន់ណាស់ ទាំងបង្កើត ការថែទាំ ចាប់ពីមានផ្ទៃពោះ តាមដានសុខភាពមាតា រហូតដល់កើត និងដល់អាយុពីរឆ្នាំ»

ស្របតាមតួនាទីដ៏សំខាន់របស់ឆ្មប ក្រសួងសុខាភិបាលបានខិតខំពង្រឹងសមត្ថភាពឆ្មប ដោយមានទាំងការបណ្ដុះបណ្ដាលមុនពេលបម្រើការងារ និងការបណ្ដុះបណ្ដាលក្នុងពេលបម្រើការងារ សំដៅធ្វើយ៉ាងណាឱ្យឆ្មបកម្ពុជាយើង មានសមត្ថភាពវិជ្ជាជីវៈខ្ពស់ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយជំនឿទុកចិត្ដ។

ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានយកចិត្ដទុកដាក់យ៉ាងខ្លាំងលើសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងមូល។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនូវសមិទ្ធផលសុខាភិបាលធំៗជាច្រើន ជាពិសេសការកាត់បន្ថយអត្រាមរណភាពមាតា និងទារក។

យោងតាមរបាយកាណ៍អង្កេតប្រជាសាស្ដ្រ និងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២ បានរកឃើញថា៖ អត្រាមរណៈភាពមាតា ធ្លាក់ចុះ ពីចំនួន ៤៣៧នាក់ ក្នុង១០០,០០០កំណើតរស់ នៅឆ្នាំ២០២០ មកត្រឹម ១៥៤នាក់ ក្នុង១០០,០០០កំណើតរស់នៅឆ្នាំ២០២១។ ចំណែកអត្រាមរណភាពទារកកើត ក៏បានធ្លាក់ចុះគួរឱ្យកក់សម្គាល់ គឺពីចំនួន ៣៧នាក់ ក្នុង១,០០០កំណើតរស់ នៅឆ្នាំ២០២០ មកចំនួន ៨នាក់ ក្នុង១,០០០កំណើតរស់ នៅឆ្នាំ២០២១។

ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងសុខាភិបាលថ្លែងបន្ដថា ភាពល្អប្រសើរឡើងនៃការកាត់បន្ថយអត្រាមរណភាពមាតា និងទារកនេះ មួយផ្នែកជាគុណតម្លៃនៃការចូលរួមរបស់ឆ្មប។ បច្ចុប្បន្នយើងមានឆ្មប​ជាង៦ពាន់នាក់ ដែលកំពុងបម្រើការងារផ្ដល់សេវាជូនប្រជាពលរដ្ឋ ដោយយ៉ាងហោចណាស់ មានឆ្មប២រូប នៅគ្រប់មណ្ឌលសុខភាពទូទាំងប្រទេសកម្ពុជា៕