សម្ដេចក្រឡាហោម ស ខេង ណែនាំសិស្សនគរបាលទើបបញ្ចប់ការសិក្សា ត្រូវបម្រើពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អ


(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបហាផ្ទៃ បានណែនាំដល់សិស្សនគរបាលជាតិ ដែលទើបបានបញ្ចប់វគ្គសិក្សាបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ ដែលភាគច្រើនជាមន្រ្តីនគរបាលប៉ុស្តិ៍ ដែលនៅជាប់ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ដូច្នេះ ត្រូវបម្រើ និងការពារផលប្រយោជន៍ដល់ប្រជាពលរដ្ឋឱ្យបានល្អ។

ការណែនាំបែបនេះ របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបិទ «វគ្គបណ្តុះ បណ្តាលកម្រិតបឋមវិជ្ជាជីវៈ នគរបាល ជំនាន់ទី១៥ លើកទី២ ជូនដល់សិស្សនគរបាល ជ័យលាភី ដែលបានសិក្សានៅសាលានគរបាលជាតិភូមិភាគ៥ ក្នុងនោះមាន៖ ភូមិភាគ៤ ភូមិភាគ៥ និងភូមិភាគ៦ ចំនួន៣៩៥នាក់ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង។

សម្ដេចក្រឡាហោម បានលើកឡើងថា៖ «ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បច្ចុប្បន្ននេះ យើងអាចបន្តការងារ បណ្តុះបណ្តាល និងរៀបចំពិធីនេះបានដោយសារតែរាជរដ្ឋភិបាលបានបើកឱ្យដំណើរការឡើងវិញលើគ្រប់វិស័យបន្ទាប់ពីការជួបវិបត្តិជំងឺកូវីដ១៩»

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ជោគជ័យនៃការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ គឺជាស្នាដៃដ៏ធំធេងមួយទៀតរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្តេចក្រឡាហោម ស ខេង ក៏ថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្ឌិត្យសភា នគរបាលកម្ពុជា ក្នុងការបំពេញភារកិច្ចប្រកបដោយជោគជ័យតាមផែនការកំណត់ ព្រមទាំងគាំទ្រនូវកម្មវិធីកំណែ ទម្រង់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីកសាងវប្បធម៌គុណភាព សម្ដេចក្រឡាហាម ក៏បានថ្លែងកោតសរសើរ និងអបអរសាទរដល់ក្មួយៗជាសិស្សនគរបាលដែលទទួលបានជ័យលាភីទាំងអស់ ព្រមទាំងបាន ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍ បណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគទាំងអស់។

បន្ថែមពីនេះ សម្ដេចក្រឡាហោម បានផ្ដាំផ្ញើដល់បណ្ឌិត្យសភានគរបាលកម្ពុជាឱ្យបន្តអនុវត្តកម្មវិធីកំណែទម្រង់របស់ខ្លួន និងបន្តកិច្ចសហការល្អជាមួយអង្គភាពពាក់ព័ន្ធ ព្រមទាំងបានផ្តល់អនុសាសន៍ ដល់សិស្សនគរបាលជ័យលាភីទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំសិក្សា ហ្វឹកហាត់ និងគោរពវិន័យ សាលាបានល្អ រហូតទទួលបានជោគជ័យក្នុងការសិក្សារបស់ខ្លួន ឱ្យយកចំណេះដឹងនិងជំនាញទៅប្រើប្រាស់ ឱ្យមានប្រយោជន៍ដល់អង្គភាពការងារនិងសង្គមជាតិ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «សិស្សនគរបាលជាតិ ដែលទើបបានបញ្ចប់វគ្គសិក្សានេះភាគច្រើនគឺសុទ្ធតែជាមន្រ្តីនគរបាលប៉ុស្តិ៍ដែលនៅជាប់ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ និងមន្រ្តីនគរបាលនៅតាមវរៈព្រំដែនគោក ដើម្បីការពារប្រយោជន៍បម្រើពលរដ្ឋខ្លួន និងនៅជិតបំផុតពលរដ្ឋក្នុងឃុំរបស់ខ្លួនផង។ ក្នុងនាមមន្រ្តីនគរបាលជាតិ មិនត្រូវពាក់ព័ន្ធគ្រឿងញៀន ជាដាច់ខាតដើម្បីចៀសវាងកុំឱ្យនគរបាលទៅបង្រ្កាបគ្រឿងញៀន តែនគរបាលខ្លួនឯងបែរជាប្រើប្រាស់ និងជួញដូរគ្រឿងញៀន គឺមិនឱ្យមានជាដាច់ខាត»

សម្តេចក្រឡាហោម ស ខេង បានបន្តថា ដើម្បីទទួលបានព័ត៌មានពីពលរដ្ឋយើងមកពីគ្រប់ទីកន្លែង សម្តេចក៏បានបង្កើតគណនីផេកហ្វេសបុករបស់សម្តេចផ្ទាល់ ដើម្បីចាំទទួលសេចក្តីរាយការណ៍ និងព័ត៌មាន សំណូមពរពីពលរដ្ឋគ្រប់មជ្ឈដ្ឋានពីពួកគាត់ ដូច្នេះ យើងមានក្រុមការងារចាំទទួលដោះស្រាយបញ្ហាផ្សេងៗ បានទាន់ពេលវេលាជូនពួកគាត់វិញផង។

សម្តេចបានរំឮកថា៖ «កម្លាំងថ្មីយើងនេះពេលត្រឡប់ទៅការបំពេញការងារនៅអង្គភាពដើម ឬមូលដ្ឋានវិញ ត្រូវយន្តការ៥ ដោយសហការជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ និងប៉ុស្តិ៍រដ្ឋបាលខ្លួនឯង ប្រកបដោយសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលរបស់ខ្លួនផងដែរ»

សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា ក្នុងក្របខណ្ឌនគរបាលជាតិ ត្រូវជ្រើសរើសរៀងរាល់ឆ្នាំ ដើម្បីបំពេញជំនួសក្របខណ្ឌនគរបាលចាស់ ដែលត្រូវបានចូលនិវត្តន៍មរណភាព និងបាត់បង់ក្របខណ្ឌ ត្រូវរើសបំពេញមកវិញ ហើយបណ្តុះបណ្តាលបន្ត ព្រមទាំងរើសគ្រូបង្រៀន សម្រាប់បណ្តុះបណ្តាលបឋមវិជ្ជាជីវៈជាវគ្គមូលដ្ឋានបន្ថែម នៅតាមសាលាភូមិភាគនីមួយៗ។ ទាក់ទងនឹងការរើសនគរបាលចូលថ្មី, បណ្តុះបណ្តាល, អនុវត្តការងាររបស់ខ្លួនឱ្យបានល្អក្នុងក្រមសីលធម៌វិជ្ជាជីវៈជាកងកម្លាំង, បណ្តុះបណ្តាលបន្តនៅរាជបណ្ឌិតសភាជាដើម៕