ក្រសួងមហាផ្ទៃ ណែនាំឲ្យពង្រឹងតួនាទី ភារកិច្ចរបស់ស្មៀនឃុំ សង្កាត់ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២


ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ បានណែនាំទៅកាន់អភិបាលរាជធានី-ខេត្ត ឲ្យពង្រឹងតួនាទី ភារកិច្ចរបស់ស្មៀនឃុំ សង្កាត់ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

ក្នុងលិខិតរបស់ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្រសួងមហាផ្តៃ បានធ្វើការណែនាំដូចខាងក្រោម៖

* ទី១៖ ស្មៀនឃុំ សង្កាត់នីមួយៗ ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលបានកំណត់។

* ទី២៖ ស្មៀនឃុំ សង្កាត់នីមួយៗ ត្រូវតែមានវត្តមានជាប្រចាំ ដើម្បីចូលរួមអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ លើកលែងតែមានធុរៈចាំបាច់បំផុត ឬមានបញ្ហាសុខភាព ដែលមិនអាចបំពេញការងារបាន។ ករណីស្មៀនឃុំ សង្កាត់ អវត្តមានមិនអាចបំពេញការងារបាន សាមីខ្លួន ត្រូវរាយការណ៍ជូនមេឃុំ ចៅសង្កាត់ និងត្រូវស្នើស៊ីច្បាប់ឈប់សម្រាកស្របតាមគោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់។

អភិបាលក្រុង ស្រុក ខណ្ឌ ត្រូវសម្របសម្រួល និងចាត់តាំងមន្ត្រីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ០១រូប ដើម្បីបំពេញការងារពាក់ព័ន្ធការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតំឆ្នាំ២០២២ ជំនួសស្មៀនឃុំ សង្កាត់ ដែលអវត្តមាន ឬមិនទាន់មានស្មៀនឃុំ សង្កាត់ ដើម្បីធានានិរន្តរភាពការងារនេះ។

* ទី៣៖ ចំពោះការរៀបចំកិច្ចប្រជុំ និងការបណ្តុះបណ្តាលនានាដែលត្រូវអញ្ជើញស្មៀនឃុំ សង្កាត់ចូលរួមរដ្ឋបាលរាជធានី ខេត្ត ត្រូវពិនិត្យលទ្ធភាពពន្យារពេលឲ្យផុតរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២៕