អង្ករជាអំណោយរបស់សម្តេចតេជោ ជាង ១ពាន់តោន ត្រូវបានក្រុមការងារអ្នកឧកញ៉ា ទ្រី ភាព ដឹកចេញពីឃ្លាំង ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់


គ្រោះទឹកជំនន់នារដូវវស្សាឆ្នាំ២០២២នេះ មិនត្រឹមតែបង្កផលប៉ះពាល់ដល់ស្រូវ និងដំណាំរួមផ្សំផ្សេងៗនោះទេ តែក៏បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។

ឆ្លើយតបនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមុខដោះស្រាយដោយផ្ទាល់លើផលប៉ះពាល់ និងការលំបាកប្រជាពលរដ្ឋបណ្តាលមកពីគ្រោះទឹកជំនន់នេះ។ ដើម្បីដោះស្រាយការលំបាកប្រជាពលរដ្ឋនេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរចុះតាមខេត្តរងគ្រោះធ្ងន់ធ្ងរនៅជុំវិញបឹងទន្លេសាបជាបន្តបន្ទាប់។

កិច្ចអន្តរាគមន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី មានមុខព្រួញចំនួនពីរ ទី១ គឺការស្តារឡើងវិញការធ្វើស្រែស្រូវដែលត្រូវរលួយដោយទឹកជំនន់ និងទី២ ដោះស្រាយការខ្វះខាតស្បៀងអាហាររបស់ប្រជាពលរដ្ឋ។ ដូច្នេះក្រៅតែពីផ្តល់ស្រូវពូជ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ជាគ្រឿងឧបភោគបរិភោគ មានដូចជាអង្ករ ត្រីខ និងមីផងដែរ។

អង្កររាប់ពាន់តោន ត្រីខ និងមីរាប់ម៉ឺនកេសត្រូវបានបញ្ចេញចែកជូនប្រជាពលរដ្ឋ។ នៅចំពោះមុខបន្ទុករបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនេះ គេបានឃើញមានការចូលរួមយ៉ាងសស្រាក់សស្រាំពីវិស័យឯកជនផងដែរ។

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទ្រី ភាព គឺជាវិស័យឯកជន ដែលតែងចូលរួមសកម្មភាពជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលំបាកនានារបស់ជាតិ ក៏ដូចជាប្រជាពលរដ្ឋរាល់ពេលមានការលំបាក។

អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប ដែលបានអមដំណើរសម្តេចតេជោ ហ៊ុន សែន ចុះតាមបណ្តាខេត្តរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ដែរនោះ បានចូលរួមផ្តល់អង្ករជាបន្តបន្ទាប់ ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ។

ក្រុមហ៊ុនបានឱ្យដឹងថា មកដល់ពេលអង្ករជាង ១ពាន់តោនហើយ ត្រូវបានដឹកចេញពីឃ្លាំងយកទៅតាមបណ្តាខេត្តមុខព្រួញដែលចាត់ចែងដោយសម្តេចតេជោ ហ៊ុន សែន។

របាយការណ៍របស់ក្រុមហ៊ុនបានឱ្យដឹងថា ខេត្តដែលក្រុមហ៊ុនបានបញ្ជូនអង្ករ ទៅនោះរួមមាន៖ ខេត្តព្រះវិហារ ១០០តោន, ខេត្តពោធិ៍សាត់ ១៥០តោន, ខេត្តកំពង់ធំ ៣០០តោន, ខេត្តប៉ៃលិន ៥០តោន, ខេត្តបាត់ដំបង ២០០តោន, ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ២៥តោន, ខេត្តកំពង់ឆ្នាំង ១០០តោន និងខេត្តស្វាយរៀងចំនួន ១០០តោន។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសទាំងអស់ ដែលបានចូលរួមរំលែកការលំបាករបស់រាជរដ្ឋាភិបាល ជួយដល់ប្រជាពលរដ្ឋរងគ្រោះ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកាយវិការនេះ ជាវប្បធម៌ចែករំលែកនៅក្នុងសង្គមខ្មែរ ដែលជាវប្បធម៌មួយដ៏ល្អ។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ទឹកជំនន់ឆ្នាំ២០២២នេះ បណ្តាលឱ្យប៉ះពាល់ខេត្តចំនួន២៣ ស្មើនឹង ១២៥ក្រុង-ស្រុក និង ៥១៣ឃុំ-សង្កាត់។ ខេត្តរងផលប៉ះពាល់នោះរួមមាន ពោធិ៍សាត់ បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង ព្រះវិហារ កំពង់ធំ ត្បូងឃ្មុំ សៀមរាប តាកែវ កំពង់ស្ពឺ កំពង់ចាម មណ្ឌលគិរី ព្រះសីហនុ កោះកុង កំពត កំពង់ឆ្នាំង ស្ទឹងត្រែង ឧត្តរមានជ័យ រតនគិរី ក្រចេះ កែប ព្រៃវែង និងកណ្តាល។

ទឹកជំនន់នេះ ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១៤៨,៧៣៩គ្រួសារ ស្មើនឹងប្រមាណ ៦៦៩,៣២៦នាក់។ ធ្វើឱ្យប៉ះពាល់ដំណាំស្រូវជាង ២១ម៉ឺនហិកតា និងដំណាំរួមផ្សំជាង ៧ម៉ឺនហិកតា។ ក្នុងនោះស្រូវខូចខាតជាង ១១ម៉ឺនហិកតា ដំណាំរួមផ្សំខូចខាតជាង ៣ម៉ឺនហិកតា៕