ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវ ក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែប្រវែងជាង១០គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ។
ពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ រៀបចំនៅក្នុងបរិវេណវត្តនិគ្រោធសាមគ្គីរាម ហៅវត្តទំនប់ជ្រៃ ភូមិជ្រៃ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក៏មានការចូលរួមពីឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តខេត្តត្បូងឃ្មុំ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់។
ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីបានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។
លោករដ្ឋមន្ត្រី បានសុំការយោគយល់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានគេហដ្ឋាន ឬធ្វើដំណើរលើផ្លូវនេះ អាចនឹងជួបការលំបាក ឬហុយធូលីដីជាដើម នៅពេលផ្លូវនេះកំពុងស្ថាបនា ប៉ុន្តែនៅពេលស្ថាបនារួច ច្បាស់ណាស់បងប្អូនប្រជាពលរដ្ឋ នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរជាក់ជាមិនខាន។
ដោយសារតែឆ្នាំ២០២៣ ខាងមុខនេះ ជាឆ្នាំដែលត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នោះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនអញ្ជើញទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តនូវសិទ្ធិរបស់ខ្លួន។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីបន្តដឹកនាំប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន រុងរឿងថែមទៀត ដោយគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេន នាពេលអនាគត ដើម្បីកម្ពុជា បន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ។
ឯកឧត្តមរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានឲ្យដឹងទៀតថា ផ្លូវដែលកំពុងបើកឲ្យដំណើរការសាងសង់នាពេលនេះ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំនុចភូមិជាំទ្រៀក ឃុំត្រមូង ទៅដល់ភូមិថ្មទទឹង ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រវែងសរុប១០ គីឡូម៉ែត្រ និង២៧៨ម៉ែត្រ ដែលក្នុងនោះប្រវែង៩គីឡូម៉ែត្រ និង៩៥៣ម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងប្រវែង ៣២៥ម៉ែត្រ ជាប្រភេទផ្លូវបេតុង។
ផ្លូវនេះមានទទឹងប្រវែង ០៦ម៉ែត្រ និងមានសំណង់លូប្រអប់ចំនួន ០២កន្លែង លូមូលកាត់ទទឹងផ្លូវចំនួន០៧ កន្លែង លូមូលកាត់ផ្លូវបំបែកចំនួន ០៥កន្លែង លូអក្សរអ៊ុយប្រវែង៣៤០ម៉ែត្រ។ ជាមួយនេះមានបំពាក់ស្លាកសញ្ញាសុវត្ថិភាព តាមបណ្តោយខ្សែផ្លូវ រួមមាន ស្លាកសញ្ញាចរាចរណ៍ចំនួន៥៨កន្លែង គំនូសតាមអ័ក្សផ្លូវ និងមានគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ ចំនួន ០២ កន្លែង។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងទៀតថា ផ្លូវនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ ដែលទទួលការសាងសង់ដោយក្រុមហ៊ុន SP Multi Engineering and Development Co., Ltd. ក្នុងថវិកាសរុប ១ ៣៩៣ ៨៩៦.៣៩ដុល្លារអាមេរិក។
ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តថា នេះជាគម្រោងថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំ ផ្ដល់ឱកាសមានលក្ខណៈពិសេសខុស ពីគម្រោងផ្សេងៗទៀតដែលមានលក្ខខណ្ឌតម្រូវឲ្យចាប់ផ្ដើមអនុវត្តបន្ទាន់ ដើម្បីបន្តរក្សានិរន្ដរភាពសេដ្ឋកិច្ចជនបទ ស្ដារជីវភាពរបស់ប្រជាជននៅជនបទឲ្យល្អប្រសើរឡើងវិញ បន្ទាប់ពីបាននឹងកំពុងងើបពីវិបត្តិជំងឺកូវីដ ១៩។
គម្រោងនេះអនុវត្តនៅក្នុងខេត្តគោលដៅចំនួន ៥គឺ គឺខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន និងខេត្តកោះកុង ដែល គម្រោងនឹងស្ថាបនាផ្លូវសរុបប្រវែង ២៣៥ គ.ម ក្នុងនោះផ្លូវចាក់កៅស៊ូប្រវែង ១៨៥ គ.ម និងផ្លូវបេតុងប្រវែង ៥០ គីឡូម៉ែត្រ សាងសង់ស្រះសហគមន៍ចំនួន ១៥០ស្រះ និងផ្តល់ឱកាសការងាររយៈពេលខ្លីជូនប្រជាពលរដ្ឋនៅជនបទចំនួន ៥០ ០០០គ្រួសារ និង ១៥០ ០០០ គ្រួសារផ្សេងទៀត នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ប្រកបដោយអនាម័យ៕