អភិបាលខេត្តពោធិ៍សាត់ ណែនាំក្មួយៗគរុសិស្ស ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបឋម ត្រូវធ្វើជាឳពុកម្តាយទី២ និងជាពុម្ពបណ្តុះមនុស្សថ្មី ឲ្យមានគុណភាព


(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ០២១៧នេះ បានថ្លែងថា «លោកគ្រូ អ្នកគ្រូ គឺជាគ្រួសារគំរូ ជាឳពុកម្តាយទី២ ជាពុម្ព និងជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្ស ប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រាប់ការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន ដូច្នេះគប្បីយកចិត្តទុកដាក់ ក្នុងការបំពេញការងារ នៅពេលត្រលប់ទៅតាមមូលដ្ឋានវិញ»។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងបែបនេះ ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល គ្រូបឋមសិក្សាជំនាន់ទី៣៤ នៅសាលាគរុកោសល្យ និងវិក្រិតការខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិស្រង់តូច សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយបានការចូលរួមពីលោកស្រី ជុក សុផានី អភិបាលរងនៃគណៈអភិបាលខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងគរុសិស្សជាង១០០នាក់។

លោក ឈុន វណ្ណៈ នាយកសាលាគរុកោសល្យ និងវិក្រិតការ ខេត្តពោធិ៍សាត់ បានធ្វើរបាយការណ៍សង្ខេបពីស្ថានភាពសាលា និងចំនួនគរុសិស្សដែលបានប្រឡងជាប់ចូលរៀន រយៈពេល២ឆ្នាំ មានចំនួន៨៣នាក់ ក្នុងនោះគរុសិស្សឆ្នាំទី១ មានចំនួន៤៥នាក់ និងឆ្នាំទី២ មានចំនួន៣៨នាក់ ក្នុងនោះគរុសិស្សឆ្នាំទី២ ជំនាន់ទី៣៤ ដែលបានឆ្លងវគ្គបណ្តុះបណ្តាល និងបានប្រឡងបញ្ចប់ជាប់ជាស្ថាពរ មានចំនួន៣៧នាក់។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងអំណរគុណចំពោះគរុសិស្ស ដែលបានទទួលការបណ្តុះបណ្តាល ឲ្យក្លាយខ្លួនជាគ្រូបង្រៀននាពេលខាងមុខ និងបានផ្តាំផ្ញើថា ពេលត្រលប់ទៅតាមមូលដ្ឋានវិញ ត្រូវអប់រំកុមារឲ្យក្លាយជាទំពាំងស្នងប្ញស្សីដ៏ល្អ ជៀសវាងការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងអំពើអបាយមុខផ្សេងៗ ត្រូវធ្វើជាគ្រួសារគំរូ ជាឳពុកម្តាយទី២ ជាពុម្ព និងជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្ស ប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រាប់ការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន។ ជាពិសេសត្រូវខិតខំបន្តស្វ័យវាយតម្លៃខ្លួនឯងជាប្រចាំ ត្រូវបន្តការអភិវឌ្ឍន៍ខ្លួន ដោយកសាងសមត្ថភាពតាមជំហានៗ ត្រូវមានវិធីសាស្ត្រល្អ មានសម្ភារក្នុងការបង្ហាត់បង្រៀនសិស្ស និងត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈជាគ្រូបង្រៀន។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តបានប្រាប់ពីសមិទ្ធផលធំៗជាច្រើន ដែលបានធ្វើជូនប្រជាពលរដ្ឋ នៅក្នុងខេត្តរបស់ឯកឧត្តម ជាពិសេសផ្លូវខ្វាត់ខ្វែងសម្រាប់ធ្វើដំណើរ ដែលទាំងនេះបានកើតមានឡើង ដោយសារតែប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំផ្ទាល់ពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអនុគ្រោះ ដោយបញ្ឈប់ និងលើកលែង លើតម្លៃសេវាផ្សេងៗ ជាមួយនឹងការតម្លើងប្រាក់បៀវត្សន៍ជូនមន្ត្រីរាជការ និងតម្លើងប្រាក់ឈ្នួលដល់កម្មករ ដែលក្នុងនោះប្រាក់បៀវត្តន៍បុគ្គលិកអប់រំយើងមានកម្រិតខ្ពស់ជាងគេ។

នាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានរៀបចំឲ្យមានកម្មវិធីពិសាបាយសាមគ្គី ដើម្បីអបអរសាទរ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល គ្រូបឋមសិក្សាជំនាន់ទី៣៤ ដែលទាំងអស់នោះត្រូវបានការជួយឧបត្ថម្ភពីឯកឧត្តមទាំងស្រុងផងដែរ៕